(បរទេស)៖ ឆ្នាំ២០២៤នេះ សន្ទុះនៃការប្រកួតប្រជែងទៅលើបច្ចេកវិទ្យា AI បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានបោះទុនវិនិយោគទៅលើគម្រោង AI ដើម្បីបម្រើលើវិស័យផ្សេងៗគ្នា។

ខាងក្រោមនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៤ ដែលបានប្រកាសជាផ្លូវការអំពីគម្រោងវិនិយោគទៅលើបច្ចេកវិទ្យា AI ដែលគិតត្រឹមឆ្នាំ២០២៣៖

Alphabet (Google)៖ Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet បានចំណាយប្រាក់ប្រមាណ ៨០ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI ។ ក្នុងនោះមានគម្រោងរថយន្តបើកបរដោយស្វ័យប្រវត្តិ, គម្រោង Chatbot និងគម្រោងមួយចំនួនទៀត។

Meta Platforms (Facebook)៖ មិនសូវជាខុសគ្នាប៉ុន្មានពី Google ឡើយ ក្រុមហ៊ុន Meta បានជះលុយយ៉ាងច្រើនសន្ធឹកសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI ដោយក្នុងនោះមានគម្រោងស្រាវជ្រាវមួយដែលមានឈ្មោះថា AI Research SuperCluster ត្រូវបានបង្កើតឡើងក្រោមទឹកប្រាក់ទំហំ ៦ពាន់លានដុល្លារអាមេរិក។ Meta មិនត្រឹមតែជាក្រុមហ៊ុនដែលលូកដៃជ្រៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនមួយដែលមាបជះលុយសម្រាប់ទិញ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន AI Startup ជាច្រើនដើម្បីយកមកប្រើប្រាស់ និងសហការ។

Amazon៖ ជាក្រុមហ៊ុនលក់ទំនិញអនឡាញយក្សដែលល្បីឈ្មោះលំដាប់កំពូល ថែមទាំងជាក្រុមហ៊ុនដែលផ្ដល់សេវាកម្ម Hosting លំដាប់ពិភពលោកផងដែរ។ Amazon Web Services (AWS) គឺជាក្រុមហ៊ុនផ្ដល់សេវាកម្ម Hosting តាមសេវាកម្ម Cloud របស់ Amazon។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Amazon បានប្រើប្រាស់លុយក្នុងទំហំដ៏ច្រើន ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI ដើម្បីយកមកបញ្ចូលក្នុងសេវកាម្ម AWS ព្រមទាំងទុកប្រើប្រាស់ទៅលើសេវាកម្មផ្សេងៗទៀត។

Microsoft៖ អាចនិយាយបានថា ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបានខ្នះខ្នែងខ្លាំងបំផុត និងជាអ្នកនៅក្រោយក្រុមហ៊ុន OpenAI ដែលបានបង្កើត ChatGPT។ តាមព័ត៌មានដែលបានបង្ហាញជាផ្លូវការបានឱ្យដឹងថា ក្រុមហ៊ុន Microsoft មានត្រៀមលុយច្រើនជាង ១០ពាន់លានដុល្លារអាមេរិកសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI មិនត្រឹមតែប៉ុណ្ណោះ Microsoft បានជះលុយ ៧,៥ពាន់លានដុល្លារអាមេរិកទិញយកក្រុមហ៊ុន GitHub និងក្រុមហ៊ុន AI Startup ជាច្រើនទៀត។

NVIDIA៖ ជាក្រុមហ៊ុនផលិតបន្ទះឈីបមួយដ៏ល្បី និងជាអ្នកដែលបានចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់យកមកប្រើប្រាស់នៅក្នុងបន្ទះឈីប GPU របស់ខ្លួន ព្រមទាំងបានបង្កើតកម្មវិធី AI ផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា DeepStream។ ចំពោះទំហំទឹកប្រាក់ដែល NVIDIA បានវិនិយោគលើគម្រោង AI មិនមានតួលេខច្បាស់លាស់ឡើង ប៉ុន្តែវាត្រូវបានគេសន្មត់ថា មិនចាញ់ក្រុមហ៊ុនទាំង៣ខាងលើឡើយ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Apple និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតបាននិងកំពុងតែស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់ប្រើប្រាស់នៅក្នុងផលិតផល ក៏ដួចជាសេវាកម្មរបស់ខ្លួន៕