(បរទេស)៖ ក្រុមហ៊ុន HMD Global (Human Mobile Device) ដែលត្រូវបានគេស្គាល់ថាដៃគូសហការបស់ Nokia បានប្រកាសឱ្យដឹងថា ខ្លួនកំពុងចាប់ដៃគូសហការថ្មីជាមួយនឹងក្រុមហ៊ុន Mattel ហើយត្រៀមនឹងបង្ហាញស្មាតហ្វូនអេក្រង់បត់ដែលផលិតឡើងរួមគ្នាដែលមានរូប Barbie នៅខ្នងខាងក្រោយនៅក្នុងព្រឹត្តិការណ៍ MWC 2024 ត្រីមាសទី៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍ពី HMD ថ្មីៗនេះក៏បានឱ្យដឹងបន្ថែមផងដែរ ក្រៅតែពីស្មាតហ្វូនអេក្រង់បត់ដែលមានស្បែកខាងក្រៅរូប Barbie (ឬ Barbie flip phone) ខ្លួនក៏នឹងមានដាក់បង្ហាញនូវស្មាតហ្វូន Nokia ម៉ូដែលថ្មីដែលចេញមកជាមួយនឹងមុខងារ Retro រួមទាំងស្មាតហ្វូនម៉ាក HMD ផងដែរ។ បើនិយាយទៅដល់រូប Barbie ច្បាស់ណាស់គឺ នឹងចេញមកជាមួយនឹងពណ៌ផ្កាឈូក តែយ៉ាងណាចំពោះរួបរាងជាក់លាក់នៅមិនទាន់បង្ហាញនៅឡើយនោះទេ បើតាមរូបភាពដែលក្រុមហ៊ុនបង្ហាញនោះទំនងជាចង់លាក់សិន នឹងរង់ចាំបង្ហាញរហូតដល់ថ្ងៃប្រកាសចេញជាផ្លូវការតែម្តង។

គួរជម្រាបដែរថា តាមការចុះផ្សាយពីប្រភពមួយចំនួននាពេលថ្មីៗនេះ បានឱ្យដឹងថា HMD មានគម្រោងឈប់ផលិតស្មាតហ្វូន Nokia តទៅទៀតហើយ ដែលនេះតែទំនងជាចង់បញ្ចប់ភាពជាដៃគូនឹងគ្នា។ តែយ៉ាងការផ្លាស់ប្តូរនេះទំនងជាមិនកើតឡើងភា្លមៗនោះទេដោយ HMD ផ្ទាល់បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលគ្រោងនឹងរៀបចំនៅរដូវក្តៅចន្លោះខែមិថុនា ដល់ សីហានេះ នឹងនៅតែបង្ហាញម៉ូដែលថ្មីរបស់ Nokia ដដែល។ ដូច្នេះមានន័យថា HMD នឹងនៅបន្តផលិតស្មាតហ្វូនរបស់ Nokia បន្តទៀត ប៉ុន្តែតាមការរំពឹងទុកអាចត្រឹមតែត្រីមាសទី៣ ឆ្នាំ២០២៤នេះប៉ុណ្ណោះ៕