(បរទេស)៖ ក្រោយពេលទីផ្សារស្មាតហ្វូនអេក្រង់បត់ (Foldable Phone) ផ្ទុះឡើងខ្លាំង សម្រាប់តែលេចឮព័ត៌មានមកថា ក្រុមហ៊ុន Apple ក៏កំពុងផលិតស្មាតហ្វូនប្រភេទនេះផងដែរ ប៉ុន្តែមិនស្ថិតនៅក្រោមត្រកូល iPhone នោះទេ។ តើ Apple ពិតជាបង្កើតតួអង្គថ្មីដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារមួយនេះមែនទេ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ មានពាក្យចចាអារ៉ាមថា Apple គ្រោងនឹងផលិតស្មាតហ្វូនអេក្រង់បត់បាន ដែលមានឈ្មោះថា «iPhone Flip» ដែលព័ត៌មានមួយនេះបានលេចឮតាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។ ក្រោយមកនៅក្នុងអំឡុងឆ្នាំ២០២៣ មានព័ត៌មានលេចឮថ្មីមកថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់បាន នៅដើមឆ្នាំ២០២៥ និងខ្លះទៀតថា នៅក្នុងឆ្នាំ២០២៧។

សម្រាប់ព័ត៌មានថ្មីចុងក្រោយនោះគឺថា Apple បានស្នើសុំផលិត iPhone អេក្រង់បត់ចំនួនពីរម៉ូដែលផ្សេងគ្នា ដោយក្នុងនោះមានវាទម្រង់ដូចគ្នាទៅនឹងស្មាតហ្វូន Motorola Razr។ ចំណែកព័ត៌មានដែលកាន់តែអស្ចារ្យមួយទៀតនោះគឺ Apple អាចនឹងប្រែក្លាយ ឬចម្លង iPhone អេក្រង់បត់ចេញពី iPad ឬយក iPad មកធ្វើជា iPhone អេក្រង់បត់វិញ។

ចំពោះមូលហេតុដែល Apple ពន្យាពេលយូរក្នុងការចេញស្មាតហ្វូនប្រភេទនេះ ត្រូវបានអ្នកជំនាញលើកឡើងក្រោមហេតុផលបីផ្សេងគ្នាថា ហេតុផលទីមួយគឺក្រុមហ៊ុន Apple ត្រូវសិក្សាឱ្យលម្អិតទៅលើការប្រើប្រាស់អេក្រង់បត់ ជាពិសេសគឺគុណភាព។ ហេតុផលទីពីរគឺកម្មវិធីសម្រាប់ប្រើប្រាស់ ព្រោះថានៅពេលដែលពន្លាអេក្រង់វាចេញមក នោះវានឹងប្រែក្លាយទៅជាទម្រង់ Tablet ដូច្នេះ Apple ត្រូវសិក្សា និងសាកល្បងទៅលើការប្រើប្រាស់វាឱ្យបានល្អិនល្អន់មុខនឹងដាក់ចេញ។ ហេតុផលទីបីគឺសង្វាក់ផលិតកម្មនៃការផលិត។ ដើម្បីឱ្យវាក្លាយជាផលិតផលមួយមានស្ដង់ដារ និងបំពេញទៅតាមចិត្តអ្នកប្រើប្រាស់ គឺត្រូវយកចិត្តទុកដាក់បំផុតទៅលើការផលិត៕