(ឡុងដ៍)៖ ការដាក់ទណ្ឌកម្មលើក្លិប Everton ពីបទបំពានច្បាប់ហិរញ្ញវត្ថុលីគ Premier League ត្រូវបានកាត់បន្ថយពីការកាត់ ១០ពិន្ទុ មកកាត់ត្រឹម ៦ពិន្ទុវិញ ក្រោយបណ្តឹងឧទ្ធរណ៍។ នេះបើយោងតាម BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

Everton ត្រូវបានកាត់ ១០ពិន្ទុភ្លាមៗ កាលពីខែវិច្ឆិកា ពីបទបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តភាព (PSR) ក្នុងរយៈពេល ៣ឆ្នាំ គិតត្រឹមរដូវកាលឆ្នាំ២០២១-២០២២។

ការដាក់ទណ្ឌកម្មនេះ គឺជាទណ្ឌកម្មដ៏ធំជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រលីគ Premier League នាំឱ្យ Everton ធ្លាក់ពីចំណាត់ថ្នាក់ទី១៤ ទៅឈរនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាងលីគកំពូលអង់គ្លេស។

ជាមួយនឹងការសម្រេចថ្មី គឺកាត់ត្រឹម ៦ពិន្ទុនេះនាំឱ្យក្លិប Everton ឡើងពីចំណាត់ថ្នាក់ទី១៧ មកនៅចំណាត់ថ្នាក់ទី១៥ វិញ។

ក្លិបស្ករគ្រាប់ Everton ដែលបានទទួលស្គាល់ថា ខ្លួនបានបំពានច្បាប់នោះ បានលើកឡើងថា ពួកគេ «ពេញចិត្ត» ចំពោះការសម្រេចថ្មីនេះ។

សូមជម្រាបថា Everton ដែលមិនធ្លាប់ឈ្នះសោះ ក្នុងការប្រកួតលីគ គិតចាប់តាំងពីថ្ងៃទី១៦ ខែធ្នូមកនោះ, បច្ចុប្បន្នមាន ៥ពិន្ទុដាច់ពីតំបន់កាត់ចោល ដោយនៅសល់ ១២ប្រកួត មុនបិទរដូវកាលនេះ៕