(ម៉ានីល)៖ បុរសសញ្ជាតិបែលហ្ស៊ិក Tom Saintfiet ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីន ដោយនេះជាការតែងតាំង ឱ្យដឹកនាំក្រុមជម្រើសជាតិលើកទី១១ របស់លោក ក្នុងអាជីពជាគ្រូបង្វឹក ដែលលោកធ្លាប់ធ្វើការនៅទ្វីបអឺរ៉ុប, អាហ្វ្រិក, អាស៊ី និងតំបន់ Caribbean។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

Saintfiet វ័យ ៥០ឆ្នាំ បានលាលែងកាលពីខែមករា បន្ទាប់ពីដឹកនាំដោយជោគជ័យរយៈពេល ៥ឆ្នាំកន្លះ ជាមួយក្រុមជម្រើសជាតិហ្គាំប៊ី ដោយបានដឹកនាំក្រុមជម្រើសជាតិ ស្ថិតនៅភាគខាងលិចទ្វីបអាហ្វ្រិកនេះ ឡើងទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍ Africa Cup of Nations ជាប់ៗគ្នា ក្នុងនោះរួមទាំងការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍កាលពីឆ្នាំ២០២១ ផងដែរ។

ចាប់តាំងពីចូលដឹកនាំក្រុមជម្រើសជាតិណាមីប៊ី ក្នុងឆ្នាំ២០០៨ មក លោក Saintfiet ក៏បានបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិហ្ស៊ីមបាវ៉េ, អេត្យូពី, យេម៉ែន, ម៉ាឡាវី, តូហ្គោ, បង់ក្លាដែស, ទ្រីនីដាដ, តូបាហ្គោ និងម៉ាល់តា។

លោកបានចូលដឹកនាំក្រុមហ្គាំប៊ី ក្នុងឆ្នាំ២០១៨ មុនពេលដែលពួកគេ មិនធ្លាប់ឈ្នះការប្រកួតណាមួយទាល់តែសោះ សម្រាប់រយៈពេល ៥ឆ្នាំ៕