(តូក្យូ)៖ អតីតខ្សែប្រយុទ្ធជប៉ុន Shinji Okazaki សមាជិកក្លិប Leicester City ដណ្តើមបានពានរង្វាន់ Premier League ក្នុងឆ្នាំ២០១៦ នឹងចូលនិវត្តន៍នៅពេលចប់រដូវកាលនេះ។ នេះបើតាមសម្តីលោកបានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

កីឡាករ Okazaki បានចូលរួមជាមួយ Leicester ក្នុងឆ្នាំ២០១៥ និងជាកីឡាករសំខាន់ម្នាក់ ក្នុងការដណ្តើមបានពានរង្វាន់នារដូវកាលនោះដែរ ដោយបានបង្ហាញខ្លួន ៣៦លើក ក្នុងលីគ Premier League និងរកបាន ៥គ្រាប់។

បុរសវ័យ ៣៨ឆ្នាំរូបនេះ ក៏ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆ្នើមបំផុត របស់ក្រុមជម្រើសជាតិជប៉ុនផងដែរ ដោយរកបាន ៥០គ្រាប់ ក្នុងការបង្ហាញខ្លួន ១១៩លើក ឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីរកគ្រាប់បាល់ទាំងអស់របស់ពួកគេ។

លោកបានលេងជាមួយជម្រើសជាតិជប៉ុន នៅព្រឹត្តិការណ៍ World Cup ចំនួន ៣លើក និងបានរកគ្រាប់បាល់ ៣គ្រាប់ ជួយឱ្យក្រុមសាម៉ូរ៉ៃខៀវ ឈ្នះពានរង្វាន់ Asian Cup ក្នុងឆ្នាំ២០១១។

​«ខ្ញុំបានសម្រេចចិត្ត នឹងចូលនិវត្តន៍ នៅពេលចប់រដូវកាលនេះ» Okazaki ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិបបែលហ្ស៊ិក Sint-Truiden បានបង្ហោះលើ Instagram៕