(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបង្ហាញក្តីរំពឹងថា គំរូម៉ូដែលភាសាដ៏ធំ (LLM= Large Language Model) មានឈ្មោះហៅថា Gemini របស់ខ្លួន នឹងមាននៅលើទូរស័ព្ទស្មាតហ្វូននាឆ្នាំក្រោយនេះ ខណៈបច្ចុប្បន្នគំរូភាសាធំនេះ គឺអាចរកបាននៅលើកម្មវិធី GPT-4 របស់ក្រុមហ៊ុន OpenAI ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

Gemini គឺជាបច្ចេកវិទ្យា AI ខ្នាតធំចុងក្រោយ ដែលត្រូវបានអភិវឌ្ឍន៍បានជោគជ័យ ដោយក្រុ មហ៊ុន Google ផ្ទាល់។ សម្រាប់ Gemini ដែលក្រុមហ៊ុន Google បានប្រកាសចេញកាលពីថ្មីៗនេះ គឺគាំទ្រតែភាសាអង់គ្លេសសិន ប៉ុណ្ណោះហើយវាត្រូវបានបែកចែកចេញជា ៣ប្រភេទផ្សេងគ្នាដូចជា៖ Gemini Nano, Gemini Pro និង Gemini Ultra។ ដោយ Gemini Nano ផលិតឡើង សម្រាប់ដំណើរការនៅលើទូរសព្ទ Android និងអាចដំណើរបានផងដែរ ទោះបីជាគ្មានអ៊ីនធើណេតក៏ដោយ (Offline) រីឯ Gemini Pro ប្រើសម្រាប់សេវាកម្មជាច្រើនរបស់ Google ដូច្នេះនៅពេលខាងមុខសេវាកម្ម Google ភាគច្រើននឹងភ្ជាប់ដោយបច្ចេកវិទ្យា AI ប្រភេទ Gemini Pro នេះ។ ចំណែកឯ Gemini Ultra វិញវាមានសមត្ថភាពខ្លាំងជាងគេខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងការអភិវឌ្ឍន៍បន្ថែមដោយ Google នៅឡើយ(អាចនឹងរួចរាល់ទាំងស្រុងនៅអំឡុងឆ្នាំ ២០២៤)។

លោក Brian Rakowski អនុប្រធានផ្នែកគ្រប់គ្រងផលិតផលសម្រាប់អង្គភាព Pixel របស់ Google បាននិយាយថា លោករំពឹងថា ម៉ូដែលភាសាដ៏ធំទំនើបបំផុតរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នអាចចូលប្រើបានតែតាមរយៈមជ្ឈមណ្ឌលទិន្នន័យពីចម្ងាយតាមរយៈការភ្ជាប់អ៊ីនធឺណិត នឹងចាប់ផ្តើមមកដល់នៅលើស្មាតហ្វូនដោយផ្ទាល់នៅឆ្នាំក្រោយ។

គួរជម្រាបថា Google បាននឹងកំពុងធ្វើការដុតដៃដុតជើងទៅលើ AI ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបាននូវគុណសម្បត្តិជាងគូប្រជែងរបស់ខ្លួនដូចជា OpenAI ដែលជាក្រុមហ៊ុនគាំទ្រដោយ Microsoft និងជាក្រុមហ៊ុននៅពីក្រោយ ChatGPT ដ៏ល្បី៕