(បរទេស)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនទេសចរណ៍អាមេរិក Expedia បានឱ្យដឹងថាខ្លួនកំពុងបញ្ឈប់បុគ្គលិកប្រមាណ ១,៥០០នាក់នៅទួទាំងពិភពលោក ឬប្រហែលនឹង ៩ភាគរយនៃចំនួនបុគ្គលិកសរុបខ្លួន។ ខណៈការបញ្ឈប់ការងារនេះ គឺដោយសារតែតម្រូវការធ្វើដំណើរហាក់ធ្លាក់ចុះ នឹងបង្ខំឱ្យក្រុមហ៊ុនត្រូវតែរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីកាត់បន្ថយចំណាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចុះផ្សាយថ្មីៗនេះបានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ បន្ទាប់ពី Expedia បានព្រមានកាលពីដើមខែកុម្ភៈនេះថា ប្រាក់ចំណូលដែលខ្លួននឹងរកបានក្នុងឆ្នាំ២០២៤ នេះនឹងមានកម្រិតមធ្យម ស្របពេលដែលតម្លៃសំបុត្រយន្តហោះធ្លាក់ចុះ។ ជាងនេះទៅទៀត Expedia បានគូសបញ្ជាក់ដែរថា នាយកប្រតិបត្តិ (CEO) លោក Peter Kern ក៏កំពុងលាលែងពីតំណែងផងដែរ ដូច្នេះហើយក្រុមហ៊ុនត្រូវតែបង្ខំចិត្តកាត់បន្ថយបុគ្គលិកមួយចំនួនចេញ។ ពោលគឺក្រុមហ៊ុននឹងទុកតែបុគ្គលិកស្នូលដែលចាំបាច់ប៉ុណ្ណោះ ក្រៅពីនេះនឹងត្រូវបានជម្រុះចេញ។

ជុំវិញការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញនេះ Expedia បាននិយាយថា ខ្លួននឹងត្រូវចំណាយអស់ច្រើនក្នុងនោះរួមមាន ការគិតថ្លៃពន្ធសរុប រួមទាំងការចំណាយសាច់ប្រាក់ទៅលើបុគ្គលិកដែលរងផលប៉ះពាល់ក្នុងការបញឈប់ បើតាមការរំពឹងទុក អាចនឹងមានចន្លោះពី ៨០លានដុល្លារ ដល់ទៅ ១០០លានដុល្លារឯណោះ។ Expedia បានបន្តទៀតថា ពេញមួយឆ្នាំ២០២៤ នេះកំណើននៃការធ្វើដំណើរនឹងកើនឡើងយឺត ឬអាចនឹងថេរតែម្តង។

គួរជម្រាបដែរថា Expedia គឺជាក្រុមហ៊ុនទេសចរណ៍អនឡាញរបស់អាមេរិក ដែលមានមូលដ្ឋាននៅទីក្រុង Seattle រដ្ឋ Washington ដែលគ្រប់គ្រងទៅលើការប្រមូលថ្លៃតាមអនឡាញ នឹងគ្រប់គ្រងក្រុមហ៊ុនមួយចំនួនក្នុងដៃដូចជា៖ Expedia, Hotels.com, Vrbo, Travelocity, Hotwire.com, Orbitz, Ebookers, CheapTickets, CarRentals.com, Expedia Cruises, Wotif និង Trivago ជាដើម៕