(ភ្នំពេញ)៖ លោក សាន គឹមស៊ាន ព្រឹទ្ធាចារ្យកីឡាហាប់គីដូ បានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្ដការខិតខំប្រឹងហ្វឹកហាត់ និងអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងឈានដល់កម្រិតពិភពលោក បន្ទាប់ពីលោកបានមើលឃើញពីការវិឌ្ឍន៍កាន់តែល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ការជំរុញពីស្ថាបនិកដែលខិតខំស្ដារកីឡាហាប់គីឡូឲ្យរស់ឡើងវិញ ក្រោយសម័យសង្គ្រាមរូបនេះ ធ្វើឡើងក្នុងឱកាសសហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំកម្មវិធីប្រគល់លិខិតបញ្ជាក់វិញ្ញាបនបត្រ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ ដល់សិស្សគុនចំនួន ២៣នាក់កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីកីឡាករ-កីឡាការិនី បានបញ្ចប់ការហ្វឹកហាត់រយៈពេល ៦ខែ និង ១ឆ្នាំកន្លងមក។

ព្រឹទ្ធាចារ្យវ័យ ៧៩ឆ្នាំខាងលើ បានកោតសរសើរ និងលើកទឹកចិត្តដល់សិស្សគុនហាប់គីដូទាំងអស់ ដែលបានបង្ហាញស្នៀតគុនបានយ៉ាងល្អប្រសើរ ដែលសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ ពិសេសគ្រូបង្វឹកលោក គង់ ចាន់ធីណា ដែលតែងតែលះបង់បង្ហាត់បង្រៀនសិស្សគុនដោយលំបាក នៅតាមសួនច្បារ មុនមានទីតាំងហ្វឹកហាត់ត្រឹមត្រូវនាបច្ចុប្បន្ន។

លោក សាន គឹមស៊ាន ថា «ក្នុងនាមខ្ញុំជាស្ថាបនិកមួយរូប ដើម្បីធ្វើឱ្យកីឡាហាប់គីដូកម្ពុជាឱ្យរស់ឡើងវិញ។ ខ្ញុំសូមឲ្យទាំងអស់គ្នារួមគ្នាអភិវឌ្ឍជំនាញកីឡានេះ ឲ្យឈានដល់កម្រិតពិភពលោក ដើម្បីឲ្យគេស្គាល់ថា ខ្មែរយើងក៏មានប្រភេទកីឡាហាប់គីដូខ្លាំងពូកែដែរ។ ចៅៗក្មេងៗ ដែលមានវ័យ ១០ឆ្នាំ និង១៥ឆ្នាំ កុំឈប់ហ្វឹកហាត់ ត្រូវបន្តហ្វឹកហាត់ឲ្យបានខ្លាំងក្លានៅថ្ងៃអនាគត យើងនឹងមានអ្នកខ្លាំងតំណាងហាប់គីដូកម្ពុជាជាក់ជាមិនខាន»

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងហ្វឹកហាត់របស់សិស្សគុន សហព័ន្ធក៏បានរៀបចំកម្មវិធីប្រគល់លិខិតបញ្ជាក់ និងវិញ្ញាបនបត្រ ដល់កីឡាករ-កីឡាការិនីចំនួន ១៤នាក់ ដែលបញ្ចប់បណ្ដុះបណ្ដាលបច្ចេកទេសកីឡាហាប់គីឡូរយៈពេល ៦ខែ និង ១ឆ្នាំ។ រីឯសិស្សគុន ៩នាក់ទៀត ទទួលបានសញ្ញាបត្រខ្សែក្រវាត់ខ្មៅ ក្នុងនោះមានខ្សែក្រវាត់ខ្មៅ ១ជាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ ២ជាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ ៣ជាន់ម្នាក់ បន្ទាប់ពីពួកគេបានហ្វឹកហាត់យ៉ាងហោច ២ ទៅ ៤ឆ្នាំ៕