(ឡុងដ៏)៖ ខ្សែប្រយុទ្ធវ័យក្មេង Oscar Bobb បានសម្រេចព្រមព្រៀងបង្កើនកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំបន្តជាមួយក្លិប Manchester City ដែលមានន័យថា រូបគេនឹងបន្តស្នាក់នៅរហូតដល់រដូវក្តៅឆ្នាំ២០២៩ ដែលកិច្ចសន្យាចាស់ផុតនៅឆ្នាំ២០២៦, នេះបើតាមប្រភពពី BBC ឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំសញ្ជាតិន័រវេស បានចូលមកកាន់ក្លិប Man City កាលឆ្នាំ២០១៩ ផ្ទេរពីក្លិប Valerenga ហើយគិតមកដល់ពេលនេះលេងបាន ១៦ប្រកួតរកបាន ២គ្រាប់ សម្រាប់ការលេងនៅក្លិបលំដាប់កំពូលលីគអង់គ្លេស និងជាក្លិបអាជីពទី១ របស់រូបគេ ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola។

ក្នុងរដូវកាលនេះ Oscar Bobb បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយការរកបាន ១គ្រាប់នៅនាទីចុងម៉ោង ពេលយកឈ្នះក្រុម Newcastle United ក្នុងលីគ Premier League ខណៈលោក Txiki Begiristain នាយកគ្រប់គ្រងបាល់ទាត់របស់ Man City បានបន្ថែមថា «Oscar មានទេពកោសល្យ និងបច្ចេកទេសដ៏អស្ចារ្យពីធម្មជាតិ រូបគេបានវិឌ្ឍន៍ទៅជាសមាជិកយ៉ាងសំខាន់នៃក្រុមរួចហើយ»