(ដូហា)៖ កីឡាករវាយកូនបាល់ទោល Andy Murray បានថ្លែងឱ្យដឹងថា រូបលោកនៅសល់ពេលត្រឹមតែ ២ទៅ៣ខែទៀតប៉ុណ្ណោះ ក្នុងការបញ្ចប់អាជីពតេន្នីសនេះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករអន្តរជាតិអង់គ្លេស Murray ដែលទើបឈ្នះពាន Dubai Tennis Championships 2024 នៅសហព័នអារ៉ាប់រួម គឺនឹងប្រកាសចូលនិវត្តន៍ពីអាជីព Tennis ក្នុងឆ្នាំ២០២៤ នេះហើយ។

លោកថា «ខ្ញុំប្រហែលជាសល់ពេលមិនច្រើនទេ ក្នុងការប្រកបអាជីព Tennis នេះ ក៏ប៉ុន្តែខ្ញុំនឹងលេងឱ្យបានល្អបំផុត ក្នុងរយៈពេល ២-៣ខែដែលនៅសេសសល់នេះ។ បច្ចុប្បន្នខ្ញុំនៅតែស្រឡាញ់ការប្រកួតប្រជែង និងកម្មវិធីផ្សេងៗទៀត ក៏ប៉ុន្តែវាហាក់ដូចជាលំបាកខ្លាំងឡើង នៅពេលឈានដល់វ័យកាន់តែចាស់។ ឈានដល់វ័យនេះដែរ អ្នកត្រូវតែយកចិត្តទុកដាក់ខ្លាំង ក្នុងការថែរក្សាសុខភាពរបស់អ្នក»

Murray វ័យ ៣៦ឆ្នាំ ដណ្តើមបានពាន Dubai Tennis Championships 2024 បន្ទាប់ពីយកឈ្នះគូប្រជែង Denis Shapovalov របស់កាណាដានៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤-៦ ៧-៦ (៧-៥) និង ៦-៣ និងជាពានទី២ របស់លោកដែរប្រចាំឆ្នាំ២០២៤ នេះ ក្រោយពេលឈ្នះជើងឯក Doha Open នៅប្រទេសកាតារួចមក។

នេះមានន័យថា Andy Murray នឹងដើរតាមគន្លងរបស់មិត្តរួមជំនាន់ សញ្ជាតិស្វីស Roger Federer ដែលបានប្រកាស ចូលនិវត្តន៍ពី Tennis កាលឆ្នាំ២០២២ កន្លងទៅ។ Murray ស្ថិតនៅចំណាត់ថ្នាក់ទី៦៧ កម្រិតពិភពលោក ក្នុងការវាយលក្ខណៈឯកត្តជន និងឈរនៅលេខរៀងទី៥៦៦ ក្នុងការវាយជាគូ ដោយធ្លាប់ជាកីឡាករលំដាប់កំពូលផងដែរ កាលឆ្នាំ២០១៦ ក្នុងនាមវាយឯកត្តជន៕