(ភ្នំពេញ)៖ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសរៀបចំការប្រកួតប្រដាល់សកលអាជីពជាថ្មី នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបំពេញលក្ខខណ្ឌឈានទៅស្នើសុំចូលជាសមាជិកស្ថាប័នប្រដាល់សកលអាជីព (World Boxing Council-WBC)។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ ការប្រកួតលក្ខណៈអាជីពនេះ នឹងមាន ៨គូ ដែលតម្រូវឲ្យប្រកួតស្របតាមបទបញ្ជាការប្រកួត និងបទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC)។ ការប្រកួតនឹងធ្វើឡើងនៅសង្វៀនដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី។

ប្រភពខាងលើបន្ដថា «កម្មវិធីប្រកួតនេះ រៀបចំឡើងក្នុងគោលបំណងបំពេញនូវលក្ខខណ្ឌ ដើម្បីសុំចូលជាសមាជិករបស់ស្ថាប័ន ប្រដាល់សកលអាជីពពិភពលោក (WBC) ដោយនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ស្ថាប័ន WBC មកពីប្រទេសជប៉ុន ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្ទាល់ផងដែរ»

តាមការជូនដំណឹងដដែលបន្ថែមថា ប្រសិនបើកម្ពុជាបានចូលជាសមាចិក WBC អ្វីដែលជាអត្ថប្រយោជន៍ គឺកីឡាករ-កីឡាការិនីកម្ពុជា នឹងមានសិទ្ធិចូលរួមការប្រកួតប្រដាល់សកលអាជីព ដែលស្ថិតក្រោមការគ្រប់គ្រង និងរៀបចំឡើងដោយស្ថាប័ន WBC។ ហេតុនេះទើប CPBC ក៏ដូចជាសហព័ន្ធខិតខំរៀបចំ និងបំពេញលក្ខខណ្ឌ ដើម្បីក្លាយជាសមាជិកស្ថាប័ន WBC។

សូមរំឮកថា កាលពីឆ្នាំ២០២២ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ធ្លាប់រៀបចំការប្រកួតប្រដាល់សកលអាជីពផងដែរ ដើម្បីសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយមានការចូលរួមពីកីឡាករបរទេសទៀតផង។ ដូច្នេះនេះគឺជាលើកទី២ ហើយ ដែលកម្ពុជាបានរៀបចំការប្រកួតប្រដាល់សកលលក្ខណៈអាជីព ដោយអនុវត្តតាមបទបញ្ជាការប្រកួត និងមានការចូលរួមអង្កេតការណ៍ពីតំណាងស្ថាប័ន WBC ទៀតផង៕