(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នឹងឈានចូលសប្តាហ៍ទី២៣ នៅចុងសប្តាហ៍នេះនៃជុំទី៣ ដោយមានគូពិសេសត្រូវជួបគ្នា គឺរវាងក្រុមម្ចាស់ផ្ទះវិសាខា ត្រូវប៉ះភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី០៣ ខែមី​នា ឆ្នាំ២០២៤ នៅក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍ នាម៉ោង ១៨៖០០នាទីល្ងាច។

គួររំលឹកផងដែរថា សម្រាប់ការប្រកួតរបស់វិសាខា កាលសប្តាហ៍ទី២២ បានយកឈ្នះក្រុមខ្លាំងបឹងកេត ក្នុងលទ្ធផល ២-១ នៅពេលឆ្លងកាត់ ២២ប្រកួតមកនេះ ឈ្នះ១២ ស្មើ២ និងចាញ់៨ ឈរនៅចំណាត់ថ្នាក់លេខ៣ មាន ​៣៨ពិន្ទុ។

ចំណែកឯក្រោនវិញ សប្តាហ៍ទី២២ ចែកគ្នាបានម្នាក់ ១ពិន្ទុពេលលេងស្មើណាហ្គា ១-១ ដែលបានឆ្លងកាត់ ២២ប្រកួតដូចគ្នា ឈ្នះ១៥ ស្មើ៤ ចាញ់៣ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយមាន ៤៩ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ដែលឈរលេខ១ និងមាន ៥៦ពិន្ទុ។

ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង១០ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ការប្រកួតនៅថ្ងៃសៅរ៍ ទី០២ ខែមីនា រួមមាន៖
១៖ ព្រៃវែង VS កងយោធពលខេមរភូមិន្ទ
២៖ ព្រះខ័នរាជស្វាយរៀង Vs អង្គរថាយហ្គឺរ។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៣ ខែមីនាវិញរួមមាន៖
១៖ ISI ដង្កោសែនជ័យ Vs ណាហ្គា
២៖ បឹងកេត Vs គិរីវង់សុខសែនជ័យ
៣៖ វិសាខា Vs ភ្នំពេញក្រោន។

សូមបញ្ជាក់ផងថា កីឡាករជនជាតិកាណាដា ដែលលេងជាខ្សែប្រយុទ្ធរបស់ក្លឹបព្រះខ័នរាជស្វាយរៀង MARCUS WARREN HABER ពាក់លេខ៩៩ ជាកីឡាករដែលរកបាន ២៦គ្រាប់ច្រើនជាងគេ សរុប ២២ប្រកួតមក។ បច្ប្ជុន្ននេះស្វាយរៀង កំពុងឈរកំពូលតារាង ដោយមាន ៥៦ពិន្ទុផងដែរ៕