(បរទេស)៖ អង្គភាព Amazon Web Services Mexico (AWS) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Amazon.com Inc បានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួននឹងវិនិយោគជាង ៥ពាន់លានដុល្លារ ដើម្បីបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យថ្មីមួយបន្ថែមទៀតនៅប្រទេសម៉ិកស៊ិក ចំពេលដែលតម្រូវការសេវាកម្ម Cloud កំពុងតែកើនឡើងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានអង្គភាព Amazon Web Services Mexico លោក Ruben Mugartegui បានថ្លែងប្រាប់រ៉យទ័រនៅក្នុងបទសម្ភានស៍មួយថា គម្រោងសាងសង់មជ្ឈមណ្ឌទិន្នន័យថ្មីនេះនឹងមានទីតាំងនៅក្នុងរដ្ឋ Queretaro ប្រទេសម៉ិកស៊ិក។ លោក Mugartegui បានបន្តទៀតថា បច្ចុប្បន្នេះនេះ AWS បានវិនិយោគលើគម្រោងបម្រើអាជីវកម្ម Cloud អស់រយៈពេលជាង៥ឆ្នាំមកហើយក្នុងនោះរួមមាន ប្រតិបត្តិករររោងមហោស្រពម៉ិកស៊ិក Cinepolis ផ្សារហ៊ុន BIVA ក្រុមហ៊ុនអាកាសចរណ៍ Aeromexico និងរដ្ឋាភិបាលក្នុងតំបន់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការវិនិយោគនេះត្រូវបាន AWS រំពឹងទុកថា នឹងមានការកើនឡើងកាន់តែខ្លាំងក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។

គួរជម្រាបដែរថា Amazon បានឈានជើងចូលប្រទេសម៉ិកស៊ិកជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ ដែលគិតមកដល់ពេលនេះមានរយៈពេលជិត ១០ឆ្នាំហើយ ហើយបើតាមការបញ្ជាក់ពី Aamazon ផ្ទាល់ខ្លួន បានវិនិយោគជាង ៥២ពាន់លានប៉េសូ (ប្រហែល ៣.០៤ពាន់លានដុល្លារ) រួចមកហើយ។ ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងៗទៀត Amazon នៅមិនទាន់បង្ហើបឱ្យដឹងនៅឡើយនោះទេ៕