(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសម្ដែងការអបអរសាទរ ចំពោះការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដោយបង្កើតបានជាធនាគារពាណិជ្ជថ្មីមួយដ៏ធំ មានឈ្មោះថា «ធនាគារ ខេប៊ីប្រាសាក់ ម.ក» ដែលនឹងជួយពង្រឹងស្ថិរភាពនិងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្ម និងប្រាក់បញ្ញើ ការបង្កើនលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលនិងចម្រុះជាងមុន ការកាត់បន្ថយចំណាយ ការពង្រីកទីផ្សារ និងពិពិធកម្មផលិតផល និងសេវាកាន់តែសម្បូរបែបសម្រាប់អតិថិជន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលការណ៍នេះនឹងគាំទ្រដល់កំណើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

«ធនាគារ ខេប៊ីប្រាសាក់ ម.ក» ដែលជាធនាគារពាណិជ្ជថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការធ្វើជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់គ្រប់អតិថិជន។

ជាមួយគ្នានឹងការបើកសម្ពោធជាផ្លូវការនៅពេលនេះ លោកស្រីបណ្ឌិត ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីលើកទឹកចិត្តដល់ធនាគារ ខេប៊ីប្រាសាក់ ដើម្បីបន្តអនុវត្ត ក្រោយរួមបញ្ចូលគ្នាតែមួយ ដោយអនុសាសន៍ទាំងនោះមានដូចជា៖ ទី១, បន្តនូវស្មារតីរួមចំណែកគាំទ្រ និងអភិវឌ្ឍសហគមន៍ ព្រមទាំងបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសការធ្វើនវានុវត្ដន៍សេវាហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូចនិងមធ្យម។ ទី២, បន្តយកចិត្តទុកដាក់លើកិច្ចការពារអតិថិជន និងតម្លាភាពក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងសង្គម។ ទី៣, ផ្ដល់ជូនអតិថិជននូវកម្ចីជាមួយអត្រាសមរម្យ និងទី៤,ជំរុញការទទួលបានហិរញ្ញប្បទានរបស់ស្ត្រី និងឥណទានបៃតង ស្របតាមតម្រូវការរបស់អតិថិជន។

ដោយឡែកលោក Yang Jong Hee ប្រធាននាយកប្រតិបត្តិ KB Financial Group Inc. បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា ក្នុងភាពជាដៃគូសេដ្ឋកិច្ច ក្នុងរយៈកាលជាង ២៥ឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅឆ្នាំ២០២២ ការកើនឡើងនៃការវិនិយោគ ឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងការពង្រឹងធនធានមនុស្ស តាមរយៈការទទួលនិស្សិតឲ្យទៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ។

លោកបានបន្ថែមថា ស្របតាមយុទ្ធសាស្ត្រពង្រីកទីផ្សារនៅក្រៅប្រទេស និងដោយមើលឃើញពីសក្ដានុពលនៃកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់កម្ពុជា, KB Financial Group បានឈានជើងចូលទីផ្សារកម្ពុជាដោយបានបង្កើត ធនាគារ គូកមីន កម្ពុជា (Kookmin Bank Cambodia) ក្នុងឆ្នាំ២០០៩ និងធនាគារឯកទេស ខេប៊ី ដេហាន (KDSB) នៅឆ្នាំ២០១៨ បន្ទាប់មកនៅឆ្នាំ២០២១ KB Financial Group ក៏បានទទួលស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាសមាជិកថ្មីរបស់ខ្លួន។ នៅក្នុងខែសីហា ឆ្នាំ២០២៣ ធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានរួមបញ្ចូលគ្នាជាធនាគារពាណិជ្ជក្រោមឈ្មោះថ្មីថា «ធនាគារ ខេប៊ីប្រាសាក់ ម.ក» ដែលនាំឲ្យមានពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ។

លោក Yang បានបន្តទៀតថា KB Financial Group, ជាបណ្តុំក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់លេខមួយនៅប្រទេសកូរ៉េ។ ចំណែកឯ ធនាគារ គូកមីន ក៏ជាធនាគារពាណិជ្ជធំជាងគេនៅកូរ៉េដែរ, គឺជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលនឹងនាំយកនូវបទពិសោធន៍ធនាគារ បច្ចេកវិទ្យាព័ត៌មាន សមត្ថភាពផ្នែកឌីជីថល និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា តាមរយៈធនាគាររួមបញ្ចូលគ្នានេះ។

ធនាគារ ខេប៊ីប្រាសាក់ មិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ តែក៏ជួយដល់រាល់ការផ្តល់ការប្រឹក្សា និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនផងដែរ។ លោក Yang បានបន្ថែមថា «អតិថិជនរបស់យើង គឺតែងតែជាអាទិភាពទីមួយ ហើយធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនសេវាហិញ្ញវត្ថុដ៏ប្រសើរដែលសមស្រប និងត្រូវតាមដំណើរជីវិតរបស់អតិថិជន និងប្រាថ្នាក្លាយជាដៃគូហិរញ្ញវត្ថុ ដែលជាទីទុកចិត្តពេញមួយជីវិតរបស់អតិថិជន»។

ជាមួយគ្នានេះដែរ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះដំណើរឆ្ពោះទៅមុខនេះ។ លោកបញ្ជាក់ថា «យើងខ្ញុំមានសេចក្តីរំភើបយ៉ាងក្រៃលែង ដោយបានរួមបញ្ចូលគ្នាតែមួយ ជាធនាគារ ខេប៊ីប្រាសាក់ ដែលជួយឲ្យយើងនឹងកាន់តែរឹងមាំ ដើម្បីបន្តបំពេញនូវបេសកកម្មពោរពេញដោយអត្ថន័យ ក្នុងការជំរុញលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើន។ យើងនឹងមានលទ្ធភាពកាន់តែច្រើនជាងមុន ក្នុងការផ្ដល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ជូនអតិថិជនគ្រប់ជំនាន់ តាមរយៈការរួមបញ្ចូលនូវបទពិសោធន៍ ជំនាញបច្ចេកទេស និងប្រភពធនធាននានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាឯកត្តជន ជាក្រុមហ៊ុន និងជាសហគ្រាសធុនតូចនិងមធ្យម»

លោកបន្តថា ធនាគារ ខេប៊ីប្រាសាក់ បានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ខ្លួន ដោយផ្ដោតជាសំខាន់លើអតិថិជន ដើម្បីប្រាកដថារាល់ការសម្រេចចិត្តរបស់យើង គឺត្រូវតែចាត់ទុកផលប្រយោជន៍អតិថិជនជាធំ។ ធនាគារ ខេប៊ីប្រាសាក់ នឹងក្លាយទៅជាធនាគារសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទ រហូតដល់សហគ្រាសធំៗលំដាប់អន្តរជាតិ។ យើងក៏តាំងចិត្តយ៉ាងមុតមាំ ក្នុងផ្ដល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ សម្រាប់អតិថិជនគ្រប់ជំនាន់។

ជាចុងក្រោយលោក អ៊ុំ សមអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម និយ័តករពាក់ព័ន្ធ អាជ្ញាធរដែនដី ចំពោះការផ្តល់ឱវាទ និងជាពិសេសអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងជ្រើសរើសយកធនាគារ ខេប៊ីប្រាសាក់ ជាដៃគូហិរញ្ញវត្ថុពេញមួយជីវិត៕