(បរទេស)៖ ក្រុមហ៊ុនផលិតកុំព្យូរទ័រដ៏ធំមួយរបស់ពិភពលោក Lenovo នាពេលថ្មីៗនេះ បានប្រកាសពីគម្រោងប្រឡូកក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI ដើម្បីឲ្យស្របទៅនឹងតម្រូវការបច្ចុប្បន្ន។ ការប្រកាសនេះគឺ បន្ទាប់ពីមើលឃើញថា ប្រាក់ចំណូលប្រចាំឆ្នាំក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដេរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Lenovo បានឲ្យដឹងថា ខ្លួនកំពុងមានគម្រោងផ្តួចផ្តើមគំនិតអភិវឌ្ឍន៍៍បញ្ញាសិប្បនិម្មិត (AI) រួមទាំងឧបករណ៍ និងសេវាកម្មកុំព្យូទ័រថ្មីៗបន្ថែមទៀត។ ប្រកាសនេះ បន្ទាប់ពីក្រុមហ៊ុន Lenovo បន្តមានកំណើនប្រាក់ចំណូលពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានមកពីភាពធន់នៃអាជីវកម្មស្នូល និងប្រសិទ្ធភាពនៃការផ្លាស់ប្តូរ តាមតម្រូវការអតិថិជន។ តាមរបាយការណ៍ប្រាក់ចំណូលនៅក្នុងត្រីមាស ដែលបានបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ Lenovo ទទួលបានការកើនឡើង ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួនទឹកប្រាក់ ១៥.៧ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណេញ ដែលប្រសើរឡើងពីត្រីមាសទៅត្រីមាសជាលើកទីពីរជាប់ៗគ្នា។

ជាមួយនឹងលិទ្ធផលប្រាក់ចំណូលប្រសើរឡើងពេលនេះហាក់ធ្វើឲ្យក្រុមហ៊ុនេះ មានសង្ឃឹមទ្វេដងក្នុងការបង្កើនសមត្ថភាពលើបច្ចេកវិទ្យាផ្សេងៗទៀត ជាក់ស្តែង ក្នុងយុគសម័យ AI នេះ។ លោក Yang Yuanqing ប្រធានក្រុមហ៊ុន Lenovo និងជានាយកប្រតិបត្តិ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «សម្លឹងមើលទៅមុខ ការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មីនៃបច្ចេកវិទ្យា AI, សមត្ថភាពនៃសេវាកម្ម Clould របស់យើង, ផលប័ត្រ ដែលបានមកពីឧបករណ៍ឆ្លាតវៃ, ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ដំណោះស្រាយ និងសេវាកម្មឆ្លាតវៃ រួមជាមួយនឹងភាពជាដៃគូរបស់យើង ជាមួយអ្នកដឹកនាំសំខាន់ៗផ្សេងទៀតនៅក្នុង AI នឹងធានាបានថា យើងមានទីតាំងល្អ ក្នុងការចាប់យកឱកាសដ៏អស្ចារ្យនៅក្នុងវិស័យ AI»។

ក្រុមហ៊ុន Lenovo ដែលប្រតិបត្តិការនៅក្នុងទីផ្សារជាង ១៨០ ទូទាំងពិភពលោក កំពុងដាក់ឱ្យដំណើរការនូវកុំព្យូទ័រ AI ជំនាន់ដំបូងរបស់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមអនុប្រធានប្រតិបត្តិ Luca Rossi ដែលជាប្រធានក្រុមហ៊ុន Intelligent Devices Group ផងដែរ។ លោកថា ផលប័ត្រនៃឧបករណ៍ AI របស់ក្រុមហ៊ុន Lenovo នឹងពង្រីកខ្លួនយ៉ាងខ្លាំង ចាប់ពីពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៥៕