(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ បានរៀបចំកម្មវិធីសន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិលើកទី៣ - 3rd CIA FIRST Model United Nations នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

កម្មវិធីសន្និសីទរយៈពេល ៣ថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «ពង្រឹងទស្សនវិស័យ ដើម្បីជំរុញការផ្លាស់ប្តូរសង្គមជាវិជ្ជមាន» ដោយមានការចូលរួមពី សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ២៥០នាក់មកពីសាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ ទាំង ៣សាខា និងសិស្សានុសិស្សតំណាងមកពីសាលាអន្តរជាតិផ្សេងទៀតដូចជា NISC, CIS, Invictus, ISPP, LFRD, និង ALIS។
តាមរយៈការចូលរួមក្នុងសន្និសីទគំរូនេះ សិស្សានុសិស្សរបស់យើងរៀនគិតដូចជា មេដឹកនាំពិភពលោក ដោយត្រូវសិក្សាស្វែងយល់អំពីផលប្រឈមនានាជុំវិញពិភពលោក រួចពិភាក្សាជជែកតស៊ូមតិ និងបំផុសគំនិតដោះស្រាយផល ប្រឈមទាំងនោះក្នុងក្របខណ្ឌត្រាប់តាមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ។

លោកឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍បាន បង្ហាញក្ដីរីករាយ និងមោទនភាពយ៉ាងខ្លាំង ដែលបានឃើញប្អូនៗសិស្សានុសិស្សរួមគ្នាស្ម័គ្រចិត្ត រៀបចំកម្មវិធីដ៏ មានសារៈសំខាន់នេះឡើង។

លោកឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល ក៏បានជំរុញលើកទឹកចិត្តដល់ ប្អូនៗសិស្សានុសិស្សដែលជាគណៈកម្មការរៀបចំ និងអ្នកចូលរួមទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រពី សន្និសីទគំរូនេះ ព្រោះសិស្សានុសិស្ស នឹងទទួលបានចំណេះដឹងយ៉ាងទូលំទូលាយអំពីបញ្ហាពិភពលោក ព្រម ទាំងចេះធ្វើការងារជាក្រុម និងបណ្ដុះបំណិនគិតបែបស៊ីជម្រៅ ការនិយាយជាសាធារណៈ និងការជជែកដេញ ដោលតស៊ូមតិជាដើម។

គួរបញ្ជាក់ថា សន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិ គឺជាគំនិតផ្ដួចផ្ដើមមានលក្ខណៈជាសកម្មភាពសិក្សាមួយ ដែលត្រូវបានរៀបចំឡើងដោយស្ថាប័នអប់រំទូទាំងពិភពលោក ដើម្បីពង្រឹងការយល់ដឹងរបស់ សិស្សអំពីបញ្ហាដែលកើតមានឡើងក្នុងពិភពលោក ក៏ដូចជាដើម្បីដុសខាត់ជំនាញភាពជាអ្នកដឹកនាំដល់យុវជន វ័យក្មេងផងដែរ៕