(ភ្នំពេញ)៖ ក្រុមហ៊ុនធានម៉ុង ឯ.ក. នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានសម្ពោធជាផ្លូវការ នូវដំណើរការអាជីវកម្មរបស់ខ្លួន ព្រមជាមួយនឹងរោងចក្រផលិតជីដំបូងគេនៅកម្ពុជា ក៏ដូចជាការបញ្ចេញលក់ជាផ្លូវការ នូវជីកសិកម្មផលិតក្នុងស្រុក ម៉ាក ផេនដា មេន (Panda Man) ដែលជាជីមានតម្លៃសមរម្យ គុណភាពខ្ពស់ និងជួយកាត់បន្ថយថ្លៃដើមសម្រាប់កសិករខ្មែរ។

ពិធីសម្ពោធបានធ្វើឡើងនៅរាជធានីភ្នំពេញ និងមានការចូលរួមដោយដេប៉ូចែកចាយជីថ្នាំកសិកម្មប្រមាណជាង ៣០០ នាក់នៅទូទាំងប្រទេសកម្ពុជា ។

លោក ឈិន ធានចាវ ប្រធានប្រតិបត្តិនៃក្រុមហ៊ុនធានម៉ុង ឯ.ក មានប្រសាសន៍ថា ក្រុមហ៊ុន ធានម៉ុង ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលផ្ដួចផ្ដើមឡើងដោយស្ថាបនិកជាជនជាតិខ្មែរ និងចិនរួមគ្នា ដោយផ្ដោតលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្គត់ផ្គង់ជីគីមី និងជីទឹក សម្រាប់ផលិតកម្មកសិកម្មនៅកម្ពុជា។

លោកបានបន្តថា ផលិតផលជី ផេនដា មេន របស់ក្រុមហ៊ុន មានដូចជា ជីអ៊ុយរ៉េ ដេអាប៉េ កាលី និងអិនប៉េកា (NPK) ជាដើម ត្រូវបានផលិតដោយផ្ទាល់នៅរោងចក្ររបស់ខ្លួនក្នុងស្រុកឆ្លូង ខេត្តក្រចេះ របស់កម្ពុជា ដែលជាកត្តាអាចជួយធ្វើឲ្យជីមានតម្លៃសមរម្យ និងកាត់បន្ថយថ្លៃជីសម្រាប់កសិករ ។

លោក ឈិន ធានចាវ មានប្រសាសន៍ថា «គោលបំណងនៃការវិនិយោគរបស់ក្រុមហ៊ុនធានម៉ុង គឺដើម្បីជួយដល់វិស័យកសិកម្ម និងកសិករកម្ពុជា ក្នុងការផលិតបាននូវទិន្នផលដែលមានគុណភាពខ្ពស់ ប៉ុន្តែ ការចំណាយទាបជាងមុន ។ ក្រុមហ៊ុនមានបំណងធានាថា កសិករមានលទ្ធភាពប្រើប្រាស់ផលិតផលជីមានគុណភាពល្អ ហើយអាចបង្កើនផលិតកម្ម និងប្រាក់ចំណូលរបស់ខ្លួនបានកាន់តែប្រសើរ»

យោងតាមក្រុមហ៊ុន ធានម៉ុង បានឲ្យដឹងថា រោងចក្រផលិតជីកសិកម្ម ផេនដា មេន មានសមត្ថភាព ផលិតជី អិនប៉េកា រហូតដល់ទៅ ១៥ម៉ឺនតោនក្នុងមួយឆ្នាំ និងជីទឹកចំនួន ៣ម៉ឺនតោនក្នុងមួយឆ្នាំ ។

ការសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនធានម៉ុង និងជី ផេនដា មេន បានធ្វើឡើង បន្ទាប់ពីឆ្លងកាត់ការធ្វើស្រែបង្ហាញដោយជោគជ័យ ចំនួនជាង ៣០០ កន្លែងនៅទូទាំងប្រទេស។

កសិករមួយរូបដែលបានប្រើប្រាស់ជី ផេនដា មេន នៅស្រុកទ្រាំង ខេត្តតាកែវ បាននិយាយថា «នៅពេលយើងប្រើជី ផេនដា មេន នេះ យើងឃើញថា ដើមស្រូវរឹងមាំល្អ មិនដួល ផ្លែគ្រាប់ធំៗ មានទម្ងន់ ហើយទិន្នផលកើនច្រើនជាងមុនៗច្រើន»

បច្ចុប្បន្ន ជីផេនដា មេន របស់ក្រុមហ៊ុន ធានម៉ុង ត្រូវបានបង្កើតឡើងសម្រាប់ដំណាំច្រើនមុខ ដូចជា ដំណាំស្រូវ ដំឡូងមី អំពៅ និងពោតជាដើម ។

លោក ឈិន ធានចាវ មានប្រសាសន៍ថា «ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តស្រាវជ្រាវអភិវឌ្ឍជីកសិកម្ម ឲ្យស្របតាមសណ្ឋានដីរបស់កម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍កសិកម្មបៃតង និងផលិតផលបៃតង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ចុងក្រោយ»