(បរទេស)៖ ក្នុងដំណើរទស្សនកិច្ចឆ្លងកាត់អាស៊ីរបស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta Platform លោក Mark Zuckerberg នៅថ្ងៃអង្គារសប្តាហ៍នេះទទួលបានដំណឹងមកថា លោកបានជួបពិភាក្សាអំពីបញ្ហាបញ្ញាសិប្បនិម្មិត្ត (AI) ជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា លោក Zuckerberg បាននិយាយនៅក្នុងការអត្ថាធិប្បាយខ្លីៗទៅកាន់អ្នកសារព័ត៌មាននៅក្នុងទីក្រុងតូក្យូដោយបានបង្ហើបឱ្យដឹងថា «យើងមានការសន្ទនាដ៏ល្អ និងប្រកបដោយផលិតភាពអំពី AI និងអនាគតនៃបច្ចេកវិទ្យា»។ ការពិភាក្សារវាងលោក Zuckerberg និងលោក Kishida បានឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃ AI នៅក្នុងវិស័យរដ្ឋាភិបាល និងសាជីវកម្ម ដោយប្រទេសជប៉ុនកំពុងធ្វើការយ៉ាងសកម្មដើម្បីជំរុញការអភិវឌ្ឍន៍ AI របស់ខ្លួន។

យ៉ាងណាមិញជុំវិញកិច្ចប្រជុំនេះ ត្រូវគេសង្កេតឃើញថា បានធ្វើតាមរបាយការណ៍ដែលថា Zuckerberg នឹងធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅចុងខែនេះ ដើម្បីពិភាក្សាអំពី AI ជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee ហើយអាចនិងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ។

តែយ៉ាងណាទាក់ទិននឹងព័ត៌មានលម្អិតផ្សេងទៀតអំពីជំនួបរវាងលោក Zuckerberg និង លោក Kishida នៅមិនទាន់បង្ហាញជាសាធារណៈបន្ថែមទៀតនោះទេ ដូច្នេះមានតែរង់ចាំការជូនដំណឹងជាក្រោយ។

គួរជម្រាបដែរថា រដ្ឋាភិបាល និងវិស័យសាជីវកម្មរបស់ប្រទេសជប៉ុនកំពុងប្រជែងគ្នាដើម្បីចាប់យកការអភិវឌ្ឍន៍ AI ។ ជាក់ស្តែងកាលពីឆ្នាំមុនលោក Kishida ក៏បានជួបជាមួយនាយកប្រតិបត្តិ OpenAI លោក Sam Altman និង នាយកប្រតិបត្តិ Nvidia លោក Jensen Huang ដើម្បីពិភាក្សាអំពីបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធ AI ផងដែរ៕