(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រិស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេសអាល្លឺម៉ង់។

វាគ្មិនបណ្ឌិត Peter Fussenich បានធ្វើបទបង្ហាញពីប្រវត្តិត្រួសៗនៃអគារព្រះវិហារសាសនាគ្រិស្ដ Cologne Cathedral សិល្បៈសំណង់ស្ថាបត្យកម្ម គំនូរចម្រុះលើកញ្ជក់ជាដើម។ ចំណុចសំខាន់គឺផ្តោតលើការងារ រោងជាងរបស់ព្រះវិហារ ដែលមានអ្នកជំនាញចម្រុះវិស័យបំពេញការងារលើកិច្ចការពារ ការអភិរក្ស និងវិធានបង្ការ ការចែករំលែកបទពិសោធន៍ការងារនៅព្រះវិហារ Cologne Cathedral។ ការងាររបស់រោងជាងសព្វថ្ងៃបានក្លាយគោលដៅទេសចរណ៍រហូតដល់មានអ្នកចូលទស្សនាការងារជួសជុលចំនួន៦,៥០០,០០០នាក់ក្នុងមួយឆ្នាំ។ Cologne Cathedral ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១២៤៨ មានកម្ពស់១៥៧ម៉ែត្រ។ អគារនេះត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩៦។ 

ចំពោះបទបង្ហាញទី២ ដោយលោកស្រីបណ្ឌិត Anne Christine BREHM ជាអគ្គនាយិកា បានបង្ហាញបទពិសោធន៍ការងាររបស់រោងជាង នៃព្រះវិហារ Freiburg Minster ដែលជាព្រះវិហារនេះបានកសាងនៅសម័យកណ្តាលនៅអឺរ៉ុប។ ដូចគ្នានឹងព្រះវិហារខាងលើ មានចំនួនភ្ញៀវច្រើនលាននាក់បានមកទស្សនារោងជាងការងារអភិរក្សនៅព្រះវិហារ Freiburg Minster ដែរ។ ការងាររបស់រោងជាងទាំងពីរខាងលើ បានទទួលចំណាត់ថ្នាក់បេតិកភណ្ឌអរូបីពិភពលោកនៅឆ្នាំ២០២០ (Unesco Intangible World Heritage: Craft Techniques and Customary Practices of Cathedral Workshops)។ បាឋកថានេះធ្វើជាភាសាអង់គ្លេស ដោយមានការប្រែសម្រួលជាភាសាខ្មែរដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន ស្រាវជ្រាវនិងបណ្តុះបណ្តាល។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចាត់ទុកសិក្ខាសាលានេះថាពិតជាសារប្រយោជន៍ជាខ្លាំងដល់អ្នកជំនាញខ្មែរ លើការអភិរក្សថ្ម ចម្លាក់ ក៏ដូចជាផ្នែកទេសចរណ៍ជាដើម។ លោករំពឹងថា ក្រោយសិក្ខាសាលានេះចប់ មន្រ្តី-បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងបម្រើការនៅរមណីយដ្ឋានអង្គរ នឹងយល់ពីការងារសំខាន់ៗ ក្នុងន័យថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌមួយនេះឱ្យកាន់តែល្អប្រសើរ៕