(ម៉ូនិច)៖ ក្លិបខ្លារខិន Bayern Munich បានតែងតាំងលោក Max Eberl ជានាយកផ្នែកកីឡាថ្មីរបស់ពួកគេ ប៉ុន្មានខែបន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតួនាទី ជានាយកគ្រប់គ្រងផ្នែកកីឡារបស់ក្លិប RB Leipzig។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Eberl ដែលជាអតីតកីឡាកររបស់ក្លិប Bayern ផងនោះ បានចូលរួមជាមួយក្លិបលើកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៧ ហើយនឹងចូលបំពេញការងារចាប់ពីថ្ងៃទី០១ ខែមីនាខាងមុខ។ នេះបើតាមការបញ្ជាក់ពីក្លិប។

បុរសវ័យ ៥០ឆ្នាំរូបនេះ បានបំពេញការងារ ជានាយកផ្នែកកីឡានៅក្លិប Borussia Monchengladbach អស់រយៈពេល ១៤ឆ្នាំ មុនពេលចូលរួមជាមួយ Leipzig ក្នុងឆ្នាំ២០២២។ Leipzig បានបណ្តេញលោកចេញពីតំណែងកាលពីខែកញ្ញា បន្ទាប់ពីមានព័ត៌មានថា លោកនឹងផ្លាស់ទៅបំពេញការងារនៅក្លិប Bayern។

សូមជម្រាបថា Bayern ដែលតាមពីក្រោយ Bayer Leverkusen នៅលីគ Bundesliga ចំនួន ៨ពិន្ទុនោះ នឹងធ្វើដំណើរទៅជួបក្លិប Freiburg នៅថ្ងៃសុក្រសប្តាហ៍នេះ៕