(សេអ៊ូល)៖ សមាគមបាល់ទាត់កូរ៉េ (KFA) បានតែងតាំងលោក Hwang Sun-hong ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-23 នោះ ជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិ ជាបណ្តោះអាសន្ន ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ដែលនឹងមកដល់នាពេលឆាប់ៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

គណៈកម្មាធិការក្រុមជម្រើសជាតិ ដែលជាស្ថាប័នទីប្រឹក្សារបស់ KFA បាននឹងកំពុងស្វែងរកអ្នកជំនួស បន្ទាប់ពីបានបណ្តេញលោក Juergen Klinsmann ចេញពីតំណែង ក្រោយពីការធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិ នៅព្រឹត្តិការណ៍ Asian Cup និងចំពេលមានការរិះគន់លើការដឹកនាំរបស់លោកដែរ។

លោក Hwang វ័យ ៥៥ឆ្នាំ បានដឹកនាំក្រុមជម្រើសជាតិ U-23 កូរ៉េ ដណ្តើមបានមេដាយមាសនៅព្រឹត្តិការណ៍ Hangzhou Asian Games ឆ្នាំ២០២២ ហើយក៏ជាសមាជិកក្រុមជម្រើសជាតិ នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២​ ដែលគ្រានោះ កូរ៉េខាងត្បូង ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Guus Hiddink ដែរ៕