(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការក្នុងការបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅប្រទេសអារ៉ាប៊ីសាអូឌីត នាចុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ FFC នៅព្រឹកថ្ងៃពុធនេះបានបញ្ជាក់ថា «ក្រុមជម្រើសជាតិកម្ពុជា នឹងចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយ FIFA ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន ២០ប្រទេសជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាពក្រុមជម្រើសជាតិ ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឲ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក»

ប្រភពដដែលបន្ដថា ក្នុងបេសកកម្មចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series នេះដែរ ចំពោះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក នាថ្ងៃទី២២ ខែមីនា និងប្រកួតបន្ទាប់ ត្រូវជួបក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា។

គួរដឹងថា FIFA Series ត្រូវបានបញ្ចូលក្នុងកាលវិភាគប្រកួតមិត្តភាពអន្ដរជាតិ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ក្នុងខែមីនា ឆ្នាំ២០២៤ នេះ ក្នុងទិសដៅសាកសមត្ថភាពការប្រកួតជាសកល បន្ទាប់ពីគោលដៅយុទ្ធសាស្ដ្រនេះ ត្រូវបានសម្រេចដោយក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិកាលពីចុងឆ្នាំ២០២២។

ក្រៅពីអារ៉ាប៊ីសាអូឌីត ដែលត្រូវទទួលក្រុមគោព្រៃកម្ពុជា ក៏ដូចជាក្រុមមកពីទ្វីបផ្សេងៗ ក៏នឹងមានការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិរវាងក្រុមឆ្លងទ្វីបនានា នៅតាមប្រទេសមួយចំនួនទៀតដែរ ដូចជាការប្រកួតនៅប្រទេសអាល់ហ្សេរី, អាស៊ៃបៃហ្សង់ និងប្រទេសស្រីលង្កាជាដើម ដែលនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួត FIFA Series ចន្លោះពីថ្ងៃទី១៨-២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខ៕