(មេនឆេស្ទើ)៖ តារាជើងស៊ុត Erling Haaland រកបាន ៥គ្រាប់ម្នាក់ឯងនៃជំនួបដែលមេឃខៀវ Manchester City យកឈ្នះម្ចាស់ផ្ទះ Luton Town ៦-២ នាយប់មិញនេះ សម្រាប់ជុំទី៥ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2023-2024។

ការរកបាន ៥គ្រាប់ជាប់ៗគ្នានេះដែរពីសំណាក់កីឡាករអន្តរជាតិន័រវេសខាងលើ បានជួយឱ្យក្រុមការពារជើងឯក Man City ឆ្លងចូលជុំទី៦ នៃវគ្គ ៨ក្រុមចុងក្រោយដោយស្រួលផងដែរ នៅពេលយកឈ្នះក្រុមសមាជិកមកពី Premier League ដូចគ្នារួចមក។

វាក៏ជាហែតទ្រីក (hat-trick) លើកទី៨ របស់ Haaland ជាមួយ Man City ដែរ ហើយក៏ជាកីឡាករដំបូងគេដែលរកបាន ៥គ្រាប់ចំនួន ២លើកសម្រាប់ក្លិបទៀតផង។

អតីតកីឡាករ Salzburg និង Borussia Dortmund មួយនេះរកបាន ៧៩គ្រាប់ហើយ ពីការចូលលេងចំនួន ៨៣ប្រកួតជាមួយ Man City ដោយការសហការគ្នាយ៉ាងល្អផងដែរពីសំណាក់ខ្សែបម្រើ Kevin de Bruyne ក្នុងតំបន់ប្រយុទ្ធខាងលើ នៅពេលក្រុមម្ចាស់ផ្ទះ Luton ក៏បានឆ្លើយតបមកវិញបាន ២គ្រាប់ផងដែរមុនពេលហាលអាវ ពីការស៊ុតបានសម្រេចរបស់កីឡាករ Jordan Clark ទាំង ២គ្រាប់នៅចុងម៉ោងនៃវគ្គទី១ និងដើមវគ្គទី២។

Man City បានចូលរួមជាមួយ Newcastle United ដែលបានទម្លាក់ Blackburn Rovers ដោយបាល់ប៉េណាល់ទីកាត់សេចក្តី គ្រាដែល Leicester City យកឈ្នះ AFC Bournemouth ក្នុងម៉ោងថែម ១៥នាទី ២ដង ក្នុងការឡើងទៅឈរចាំមុនសម្រាប់វគ្គ ៨ក្រុមចុងក្រោយដូចៗគ្នា៕