(ក្រុងឡុងដ៍)៖ កីឡាករ Kaoru Mitoma ទំនងជាអវត្តមានពីក្លិប Brighton រហូតដល់ចប់រដូវកាលឆ្នាំ២០២៣-២០២៤ ក្រោយទទួលរងរបួសខ្នងជាទម្ងន់មកនោះ។

លោក Roberto de Zerbi អ្នកចាត់ការទូទៅ Brighton បានថ្លែងឱ្យដឹងតាមរយៈដកស្រង់ចេញផ្សាយដោយគេហទំព័រ កីឡា BBC នៅថ្ងៃនេះថា «វាគឺជាបញ្ហាដ៏ធំដែលខ្ញុំគិតថា ចំណាយពេលព្យាបាលចាប់ពី ២ទៅ៣ខែផងដែរ ពោលគឺចប់រដូវកាលនេះជាស្ថាពរតែម្តង។ បញ្ហារបួសខ្នងរបស់ Mitoma បានញ៉ាំងឱ្យគាត់អវត្តមានពីជំនួបដែល Brighton លេងស្មើ ១-១ ទល់នឹង Everton ក្នុង Premier League នាសប្តាហ៍មុនដែរ»

នៅមុនពេលរងរបួស Mitoma ស៊ុតបាន ៣គ្រាប់ និងបោះបាល់ឱ្យគេស៊ុតបាន ៦គ្រាប់ផងដែរ ពីការចូលលេង ២៦ប្រកួតសម្រាប់ Brighton នារដូវកាលនេះ និងបានជួយក្រុមមួយនេះមានកៅអីលេងពានអឺរ៉ុប UEFA Europa League ជាលើកដំបូងផងដែរពីរដូវកាលមុន។

បច្ចុប្បន្ន Brighton បានកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញទាំងពានអឺរ៉ុបខាងលើ រួមទាំង FA Cup ទៀតផង និងឈរនៅលេខរៀងទី៧ ក្នុងលីគ Premier League ជាបណ្តោះអាសន្នដែរ ដែលមានកីឡាករជាច្រើនញាំញីដោយរបួសទៀតផងមានដូចជា Evan Ferguson និង Joao Pedro ជាដើម៕