(ភ្នំពេញ)៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការរៀបចំជាមួយសមាគមគីវានីសកម្ពុជា-តៃវ៉ាន់ សាកលវិទ្យាល័យជាតិកៅស្យុងបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា និងសៀវភៅអានទៅបំពាក់ជូននៅបណ្ណាល័យ១បន្ទប់ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់កសាងសួនជីវចម្រុះ នៅសាលាបឋមសិក្សា អនុវិទ្យាល័យភ្នំបន្ទាយ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំភក្ដី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

នេះជាលើកទី៤ហើយ ដែលកម្មវិធី «បណ្ណាល័យខ្ញុំ និងសួនជីវចម្រុះ» បានជួយឧបត្ថម្ភដល់សិស្សក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានលទ្ធភាពក្នុងការអានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណង រៀបចំបណ្ណាល័យសម្រាប់សិស្សអាន បំពាក់សម្ភារៈសិក្សា និងសៀវភៅ ក្នុងគោលដៅពង្រឹងសមត្ថភាពសិស្ស ក្នុងការអាន ហើយក៏ជាការលើកស្ទួយដល់ទិវាជាតិអំណានផងដែរ។

លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច មានប្រសាសន៍ថា អំណោយទាំងនេះ បានមកពីការចូលរួមរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា, សមាគមគីវ៉ានីស៍ និង សប្បុរសជននានារួមគ្នា ជួយដល់វិស័យអបរំនៅកម្ពុជា តាមរយៈការចែករំលែកពីអ្នកមានលទ្ធភាពជួយដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្សក្នុងសង្គមបានរីកចំរើនទៅ ព្រមៗគ្នាក្នុងបំណងរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យបានរីកចម្រើន។

ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យបណ្ឌិត ក៏បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ កុំបោះបង់ការសិក្សា ត្រូវព្យាយាមតស៊ូរៀនឲ្យបានចប់ថ្នាក់ឧត្តមសិក្សា ដោយយកការអានជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ដូចសុភាសិត១ឃ្លាបានពោលថា អានច្រើន កើនបញ្ញា។

លោកសាស្ដ្រាចារ្យបណ្ឌិតក៏បានលើកឡើងថា ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាអាចជួយខ្លួនយើង ចេញផុតពីភាពល្ងង់ខ្លៅ ឲ្យទទួលបាននូវភាពថ្កុំថ្កើងរុងរឿង វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកកាត់បន្ថយភាពក្រីក្រ ផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិផងដែរ។ ដូចនេះមានតែចំណេះដឹងប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូរយើងឲ្យមានអនាគតភ្លឺស្វាងរុងរឿង។

លោក យួន ផេង នាយកអនុវិទ្យាល័យ បន្ទាយភ្នំ បានថ្លែងអំណរគុណដល់ម្ចាស់អំណោយ និង បានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះជាការជួយសម្រួលការលំបាកខ្វះខាត ដល់សិស្សានុសិស្សក្នុងការស្វែងរកឯកសារសម្រាប់អាន សិក្សាស្រាវជ្រាវ និង ជាការលើកកម្ពស់ដល់ការអានរបស់សិស្សានុសិស្ស នៅទីនេះឲ្យកាន់តែប្រសើរ។ ក្រៅពីនេះកម្មវិធីបណ្ណាល័យខ្ញុំក៏បានរៀបចំសួនជីវៈចំរុះដល់សាលាដោយចំណាយថវិកាចំនួន៦លានរៀល ដើម្បីកែលម្អបរិស្ថានក្នុងសាលា និងជាការបណ្ដុះស្មារតី ឲ្យសិស្សានុសិស្សចេះស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាការពារបរិស្ថានផងដែរ ។

គួរបញ្ជាក់ថា អំណោយទាំងនោះរួមមាន សៀវភៅរឿងនិទានចំនួន៣០០ក្បាល ទូដាក់តាំងសៀវភៅ១។ ក្រៅពីនេះសម្រាប់សិស្សានុសិស្ស ៥៦០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ ដើម, ខ្មៅដៃ និង ជ័រលុប ១ ព្រមទាំងអាហារសំរន់ថែមទៀត។ លើសពីនេះ បន្ទាប់ពីបញ្ចប់ការងារសប្បុរសធម៍រួចមក ក៏មានទស្សនកិច្ចកំសាន្តនៅខេត្តព្រះសីហនុ ដើម្បីជំរុញនិងបង្កើនភាពស្និទ្ធស្នាលដល់មិត្តភាពរបស់សមាជិកចូលរួម និងផ្លាស់ប្តូរបទពិសោធន៍ ការយល់ដឹងពីការសិក្សា និងការងាររវាងគ្នា និងការរៀបចំសម្រាប់គម្រោងបន្ទាប់ផងដែរ ព្រមទាំងគយគន់ទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា៕