(ភ្នំពេញ)៖ ភាពយន្តបែបខ្មោចព្រាយ ភ័យរន្ធត់ព្រឺព្រួចដ៏ល្បីល្បាញរបស់ថៃ មានចំណងជើងថា «លោកបងណាក់» វគ្គ៤ បានធ្វើពិធីសម្ពោធនៅកម្ពុជា និងដាក់បញ្ចាំងឲ្យហ្វេនៗទស្សនាជាផ្លូវការ ដើម្បីប្រកាសជាសាធារណៈថា ភាពយន្តមួយនេះ នឹងសម្រេចលក់សំបុត្រគ្រប់រោងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះតទៅ។ ពិធីបើកសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរោងភាពយន្ត Major ផ្សារទំនើបអ៉ីអន១។

តំណាងអ្នកដឹកនាំសម្ដែងបានថ្លែងឲ្យ Fresh News Plus ដឹងថា រឿង «លោកបងណាក់» វគ្គ៤ នេះជាភាពយន្តភ័យរន្ធត់ និងកំប្លែងសើចចុកពោះ ដោយក្នុងវគ្គនេះ គឺទាំងកំប្លែង ទាំងសើចចុកពោះ ជាមួយនឹងតួអង្គកំប្លែងស្ងួត ជាភេទទី៣ឌឺដងគ្នា។ ភាពយន្តនេះត្រូវបានអ្នកដឹកនាំជឿថា នឹងកើបលុយដូចគ្នានឹង៣វគ្គកន្លងមកផងដែរ ដោយសារតែសាច់រឿងល្អមើល។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ នៅថ្ងៃបើកសម្ពោធ ក៏មានតួអង្គតំណាងឲ្យលោកបងណាក់ ត្រូវបានគេតុបតែង ដើម្បីពញ្ញាក់អារម្មណ៍អ្នកទស្សនាក្នុងរោង ជាពិសេសក្នុងពេលដែលសាច់រឿង ត្រូវរំលេចនូវឈុតរន្ធត់ម្ដងៗ។ ចំណែកនៅឯប្រទេសថៃ ភាពយន្តនេះ ក៏កំពុងផ្ទុះគ្រប់រោងពីអ្នកទស្សនា បន្ទាប់ពីដាក់លក់សំបុត្រ និងស្វាគមន៍ទស្សនិកជនជាផ្លូវការ។

សូមបញ្ជាក់ថា ភាពយន្តរឿង «លោកបងណាក់» វគ្គទី៣ ធ្លាប់បានដាក់បញ្ចាំងរួចរាល់ម្ដងហើយ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយពេលនោះ គឺទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសយុវវ័យ និងអ្នកដែលចូលចិត្តទស្សនាភាពយន្តបែបភ័យរន្ធត់។ យ៉ាងណាមិញរឿង «លោកបងណាក់» វគ្គ៤ ត្រូវបានអ្នកគាំទ្ររំពឹងថា នឹងទទួលបានជោគជ័យលើសពីការរំពឹងទុក ខណៈដែលសន្ទុះអ្នកគាំទ្រភាពយន្តភ័យរន្ធត់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស មានការកើនឡើងគួរឲ្យកត់សម្គាល់៕