(ឡុងដ៍)៖ កីឡាករវាយតេន្នីសអង់គ្លេស Andy Murray សង្ឃឹមថា នឹងអាចប្រកួតនៅព្រឹត្តិការណ៍ Olympic Games ម្តងទៀត មុនពេលដែលលោកចូលនិវត្តន៍។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បុរសវ័យ ៣៦ឆ្នាំរូបនេះបានបញ្ជាក់ថា លោកប្រហែលជាអាចប្រកួតបានត្រឹមប៉ុន្មានខែទៀតប៉ុណ្ណោះ នៅក្នុងអាជីពរបស់លោក។

Murray ធ្លាប់បានឈ្នះមេដាយមាស នៅក្នុងវិញ្ញាសាវាយឯកត្តជនផ្នែកបុរស នៅឯព្រឹត្តិការណ៍ Olympic ក្នុងទីក្រុង London កាលពីឆ្នាំ២០១២ និងនៅទីក្រុង Rio កាលពីឆ្នាំ២០១៦។

ម្ចាស់ពានរង្វាន់ក្នុងក្របខណ្ឌ Grand Slam ៣លើករូបនេះ ដណ្តើមបានមេដាយមាស ក្នុងឆ្នាំ២០១២ នៅពេលដែលលោកបានយកឈ្នះកីឡាករ Roger Federer ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនោះគឺជាការសម្រេចបានជោគជ័យធំជាងគេបំផុត នៅក្នុងអាជីពកីឡាកររបស់លោក។

Murray ធ្លាប់បានបង្ហាញពីភាពមន្ទិលសង្ស័យ អំពីអនាគតរបស់លោក ក្នុងកីឡានេះ តាំងពីឆ្នាំ២០១៩ មក ប៉ុន្តែអាជីពរបស់លោក បានរស់ឡើងវិញ បន្ទាប់ពីលោកបានទទួលការវះកាត់ឆ្អឹងត្រគាក។

​សូមជម្រាបថា​ ព្រឹត្តិការណ៍​ Paris Olympics ឆ្នាំ២០២៤ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដាខាងមុខ តិចជាង ២សប្តាហ៍ បន្ទាប់ពីការបិទបញ្ចប់ព្រឹត្តិការណ៍ Wimbledon ដែលនឹងដំណើរការពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី១៤ ខែកក្កដា៕