(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Steaming ដ៏ល្បី Netflix បានប្រកាសថា ខ្លួនចាប់ផ្តើមឈប់ទទួលការទូទាត់ប្រាក់តាមកម្មវិធី iTunes របស់ក្រុមហ៊ុន Apple ទៀតហើយ ដោយតម្រូវឲ្យអតិថិជន ដែលបាន Subscribe គម្រោងរបស់ខ្លួន ធ្វើការបង់ប្រាក់មកក្រុមហ៊ុនដោយផ្ទាល់វិញ តាមរយៈ Cridit Card ឬ Debit Card។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមហ៊ុន Netflix លោក MoMo Zhou បានប្រាប់សារព័ត៌មាន The Verge តាមរយៈអ៊ីមែលថា ពិតជាមានការផ្លាស់ប្តូរប៉ះពាល់ដល់សមាជិកដែលបាន Subscribe កន្លងមក ពាក់ព័ន្ធនឹងវិធីនៃការបង់ប្រាក់ ជាពិសេសអ្នកដែលធ្លាប់ប្រើវិធីទូទាត់តាមកម្មវិធី iTunes។ ពោលគឺតម្រូវឲ្យបង់មកក្រុមហ៊ុនដោយផ្ទាល់វិញ ខណៈប្រទេសដែលស្ថិតក្នុងគម្រោងផ្លាស់ប្តូរនេះ នៅតាមបណ្តាប្រទេសមួយចំនួនសិនប៉ុណ្ណោះដូចជា កាណាដា និងអាមេរិកជាដើម។

តែយ៉ាងណា តំណាងក្រុមហ៊ុន Netflix មិនបានបញ្ជាក់លំអិតនោះទេ តើថាដោយសារតែមូលហេតុអ្វីបានផ្លាស់ប្តូរវិធីនៃការបង់ប្រាក់នេះ។

គួរជម្រាបថា ការផ្លាស់ប្តូរនេះ ត្រូវបានគេដឹងថា ប្រៀបបានជាការបញ្ចប់នូវការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ។ ទោះមូលហេតុមិនត្រូវបានបញ្ជាក់ឲ្យដឹង តែគេអាចសន្និដ្ឋានបានថា ដោយសារតែបញ្ហាបែងចែកភាគរយៈនៃប្រាក់ចំណូល។ កាលពីចុងឆ្នាំ២០១៨ ក្រុមហ៊ុន Netflix បានទម្លាយថា ខ្លួនមិនចង់ឲ្យបានការបង់ប្រាក់ តាមកម្មវិធីរបស់ Apple តែពេលនេះវាក្លាយជាការពិតហើយ ប៉ុន្តែត្រូវបានអនុវត្តន៍តែក្នុងប្រទេសមួយចំនួនសិនប៉ុណ្ណោះ៕