(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាបេក្ខភាពកូនពៅ ដែលបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) បន្ទាប់ពីបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី២ វគ្គ ៨ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។ សរុបលទ្ធផលទាំង ២ជើង ភ្នំពេញក្រោន ឈ្នះគិរីវង់ ៣-០។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមសិង្ហក្រហមខាងលើ កើតចេញពីការសហការគ្នាយ៉ាងល្អ រវាងបងប្អូនត្រកូល លឹម ដែលបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងជាមួយគ្នា បន្ទាប់ពីកីឡាករ លឹម វិសាល បានញាក់គូប្រជែង និងបញ្ជូនបាល់ (Assist) ឲ្យបងប្រុសបង្កើតរបស់ខ្លួន លឹម ពិសុទ្ធ ស៊ុតបញ្ចប់ទីដ៏ល្អ នៅនាទី៤២ ហើយក៏ជាគ្រាប់បាល់តែមួយគត់ ក្នុងការប្រកួតកាត់សេចក្ដីនេះដែរ។

ជ័យជម្នះនេះនាំឲ្យអតីតក្រុមជើងឯក ២សម័យ (ឆ្នាំ២០០៨-២០០៩) នេះ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានសម្ដេចតេជោ ហ៊ុន សែន ជាលើកទី១១ ដោយត្រូវជួបក្រុមការពារតំណែងជើងឯក វិសាខា គ្រាដែលការប្រកួតគ្រោងនឹងធ្វើឡើង ២ជើងដូចគ្នា នាថ្ងៃទី០៦ ខែមីនា និងជើងទី២ វិញលេងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ ចាំមើលភ្នំពេញក្រោន ឬវិសាខា នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានកម្រិតទី២ ប្រចាំប្រទេសកម្ពុជានេះ?

ចំណែកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត គឺជាការជួបគ្នារវាងក្រុមជើងឯក ៤សម័យ ព្រះខ័នរាជស្វាយរៀង និងអតីតក្រុមជើងឯក ឆ្នាំ២០១៩ បឹងកេត។ ក្រុមទាំងពីរ ក៏នឹងត្រូវជួបគ្នា ២ជើងដែរ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៧៕