(ក្រុងឡុងដ៍)៖ ក្រុមបាល់បិសាចក្រហម Manchester United ត្រូវពើបប្រទះគូប្រជែង Liverpool នៅពេលក្រុមការពារ តំណែងជើងឯក Manchester City ត្រូវជួបសារិកាព្រៃ Newcastle United សម្រាប់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup 2023-2024 ជាបន្តទៀត។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ការចាប់ឆ្នោតវគ្គ ១/៤ គឺត្រូវបានធ្វើឡើង មុនជំនួប Manu ដែលបានលេងឈ្នះ Nottingham Forest និង Liverpool ទម្លាក់គូប្រជែង Southampton ទៅទៀត នៅរាត្រីថ្ងៃពុធម្សិលមិញ។

ក្នុងពិធីចាប់ឆ្នោតនោះដែរ មេឃខៀវ Man City ដែលជាក្រុមការពារតំណែងជើងឯកផងនោះ និងត្រូវបានផ្តល់សិទ្ធិធ្វើ ម្ចាស់ផ្ទះ ត្រូវប៉ះក្រុមក្នុងលីគ Premier League ដូចគ្នាគឺ Newcastle United ស្របពេលតោខៀវ Chelsea ដែលបានយកឈ្នះ Leeds United ត្រូវទទួលភ្ញៀវ Leicester City ហើយក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេ Coventry ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Wolverhamton Wanderer ដ្បិតការប្រកួតនឹងធ្វើឡើងនារាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ជាការកត់សម្គាល់ Coventry ដែលធ្លាប់ឈ្នះពាន FA Cup បានម្តងកាលឆ្នាំ១៩៨៧ នោះ បានឡើងមកដល់វគ្គ ៨ក្រុមជាលើកដំបូងសម្រាប់ពួកគេនាពេលនេះ ក្រោយរង់ចាំអស់ ៣៧ឆ្នាំ បន្ទាប់ពីបំបាក់គូប្រជែងមកពីក្របខណ្ឌទី៦ Maidstone ដោយលទ្ធផល ៥-០ កាលពីរាត្រីថ្ងៃចន្ទ៕