(សៀមរាប)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ ក្នុងខេត្តសៀមរាប បានធ្វើឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងមានការចូលរួមជាកិត្តិយសពីសំណាក់លោក លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល, អគ្គនាយក,គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃធនាគារ ប្រមាណ ២១០នាក់។

ជារៀងរាល់ឆ្នាំ ធនាគារតែងតែរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារឆ្នាំចាស់ ក៏ដូចជាផ្សព្វផ្សាយពីផែនការអាជីវកម្ម និងទិសដៅយុទ្ធសាស្រ្តឆ្នាំថ្មី។ នាឆ្នាំ២០២៤នេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលមានសកម្មភាពជាច្រើនដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំ សកម្មភាពជាក្រុម និងសប្បុរសធម៌ និងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ។

ក្នុងនោះដែរ នារសៀលនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារ បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា ក្រោមប្រធានបទ «ទង្វើតូច ក្តីស្រឡាញ់ធំ ជិះកង់ជាមួយ SME Bank» នៅតំបន់ប្រាសាទអង្គរវត្ត។ សកម្មភាពជាក្រុម និងសប្បុរសធម៌នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីការចូលរួមក្នុងសកម្មភាពតូច តែមាន សារៈសំខាន់។ កម្មវិធីនេះ ក៏បានបង្ហាញពីការរួមសាមគ្គីក្នុងស្មារតីជាក្រុម ជាមួយនឹងការរៃអង្គាសថវិកា ដើម្បីបរិច្ចាគទៅកាន់សិស្សានុសិស្សនៅសាលាបឋមសិក្សា ឬមណ្ឌលកុមារកំពា្រ។ នេះជាកាយវិការដែលបង្ហាញពី វប្បធម៌នៃការយកចិត្តទុកដាក់ និងការចូលរួម ចែករំលែកនៃក្រុមគ្រួសាររបស់ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ដោយឡែងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខា សៀមរាប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ របស់ធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ព្រមទាំងផ្សព្វផ្សាយនូវផែនការ និងយុទ្ធសាស្រ្តអាជីវកម្មសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៤ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សា ភិបាលធនាគារ។ កិច្ចប្រជុំនេះ នឹងជួយតម្រង់ទិសដៅ ការងាររបស់បុគ្គលិក ដើម្បីធានាបាននូវការអនុវត្តផែនការ ប្រកបដោយប្រសិទ្ធភាព។ នាវេលារាត្រី ថ្ងៃសៅរ៍នោះដដែល ធនាគារក៏បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «Sparkling Night» នៅសណ្ឋាគារសុខាសៀមរាប ដែលផ្តល់ជូននូវកម្មវិធីពិសេសៗ ជាច្រើនរួមមាន៖ ការប្រកាសបុគ្គលិកឆ្នើមប្រចាំឆ្នាំ,ការសម្តែងទេពកោសល្យរបស់បុគ្គលិក, ការចាប់រង្វាន់ផ្សងសំណាង ក៏ដូចជាការបរិភោគអាហារ និងការរាំកំសាន្ត។

ជាការពិតណាស់ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព បុគ្គលិក ដោយផ្តល់ជូននូវការទទួលស្គាល់សមិទ្ធផល តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ ប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ។ គួរបញ្ជាក់ផងដែរថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានចរិតជាធនាគារគោលនយោបាយ ដែលបាន បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលបានអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២០។

សូមជម្រាបដែរថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ ធនាគារជាតិ នៃ កម្ពុជា។ ធនាគារ មានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។ វត្តមានរយៈពេលជាង៤ ឆ្នាំកន្លងមកនេះ ធនាគារសហគ្រាស ធុនតូច និងមធ្យម កម្ពុជា បាន និងកំពុងផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ ដល់សហគ្រាសធុនតូច និងមធ្យម ចំនួនជាង ៣,២០០ សហគ្រាស ដែលស្មើនឹងសមតុល្យឥណទានសរុបប្រមាណ ២២០ លានដុល្លារអាមេរិក៕