(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅទីស្នាក់ការ IOC នាទីក្រុង Lausanne ប្រទេសស្វីស ដើម្បីពង្រឹងសមត្ថភាពក្នុងការលើកកម្ពស់កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបន្ថែមទៀត។

សិក្ខាសាលានេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមីនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាម ៣០នាក់ មកពី ២៩ប្រទេស ទូទាំង ៥ទ្វីបចូលរួម និងទទួលបានការស្វាគមន៍ និងសំណេះសំណាលពីសំណាក់លោក Thomas Batch ប្រធាន IOC ទៀតផង។

សិក្ខាសាលានេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពដល់គ្រូបង្គោល លើការរៀបចំផែនការ ការរៀបចំកម្មវិធីសិក្សា ការបង្កើតសកម្មភាពអប់រំកាយ និងកីឡា ការវាយតម្លៃគរុកោសល្យនៃបង្រៀន និងចែករំលែកនូវឯកសារសិក្សាថ្មីៗរៀបចំដោយ IOC ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាពនៃការអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិកនៅតាមបណ្តាប្រទេសជាសមាជិក ស្របតាមគោលការណ៍ណែនាំរបស់ IOC។

គួរដឹងថា ដោយមានកិច្ចសហការ និងទំនាក់ទំនងល្អជាមួយ IOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកជារៀងរាល់ឆ្នាំ នៅតាមសាលារៀនទូទាំងរាជធានី-ខេត្ត ក្នុងគោលបំណងអប់រំសិស្សានុសិស្ស និងយុវជននូវគុណតម្លៃស្នូលទាំង៣ របស់ទស្សនៈវិជ្ជាអូឡាំពិក រួមមាន ឧត្តមភាព “Excellence” ការគោរព “Respect” និងមិត្តភាព “Friendship” ដែលកម្មវិធីនេះ ត្រូវបានគាំទ្រពេញទំហឹងដោយ IOC៕