(សៀមរាប)៖ ដើម្បីកិច្ចការងារអភិរក្សសំណង់បុរាណនៅប្រាសាទអ្នកតាវាំង អាជ្ញាធរជាតិអប្សរាកំពុងធ្វើសម្រង់ថ្មដែលធ្លាក់រាយប៉ាយនៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចធ្វើការសម្អាត និងអាចរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។

គួរជម្រាបថា ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារប្រាសាទនេះបានបែកបាក់បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។

លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រយៈពេលជាងមួយខែកន្លងមកហើយ ដែលក្រុមការងារនៃនាយកដ្ឋានលោក បានចុះមកកាន់ទីតាំងប្រាសាទអ្នកតាវាំងនេះ ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរងការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពានពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ។

លោកថា ក្រៅពីការងារបោសសម្អាតនៅជុំវិញបរិវេណប្រាសាទ ក្រុមការងារកំពុងធ្វើបច្ចុប្បន្នភាពទៅលើថ្មដែលនៅរាយប៉ាយ ធ្វើការសម្អាតថ្ម បង់លេខថ្ម ទើបចុះបញ្ជី ដើម្បីបានដឹងថា ថ្មមានក្បាច់ចំនួនប៉ុន្មានដុំ ថ្មជញ្ជាំងចំនួនប៉ុន្មានដុំ ថ្មសសរផ្អោបនិងថ្មសសរពេជ្រចំនួនប៉ុន្មាន និងចំនួនថ្មផ្សេងៗទៀត ដោយត្រូវធ្វើសម្រង់ថ្មឡើងវិញទាំងអស់។ ប៉ុន្តែជំហានដំបូងត្រូវធ្វើសម្រង់ថ្មណា ដែលមានក្បាច់រចនាឬរូបរាងគ្រប់គ្រាន់។

លោកបន្តថា បន្ទាប់ពីការសម្រង់និងចុះបញ្ជីថ្មរួចរាល់ហើយ ទើបចាប់ផ្តើមការជួសជុលឬរៀបផ្គុំថ្មសាកល្បងឡើងវិញទៅតាមក្រុមថ្មនីមួយៗ ទើបស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីសិក្សាគម្រោងជួសជុលរៀបផ្គុំប្រាសាទអ្នកតាវាំងនេះឱ្យមានរូបរាងឡើងវិញ។

តាមរយៈឯកសារសាលាបារាំងចុងបូព៌ាបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៧២ បារាំងធ្លាប់បានមកធ្វើកំណាយស្រាវជ្រាវនៅលើទីតាំងនេះ ម្តងរួចមកហើយ កាលនោះនៅកំពូលខាងលើប្រាសាទ មានសំណងសំណង់ប្រក់ក្បឿង សម្រាប់គោរបូជាអ្នកតា។
អាជ្ញាធរជាតិអប្សរាសំណូមពរដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរៗប្រាសាទទាំងអស់ សូមចូលរួមថែរក្សាការពារ និងអភិរក្ស មិនថាប្រាសាទនោះ តូចឬធំឡើយ ត្រូវឈ្វេងយល់ និងផ្តល់តម្លៃដល់សំណង់បុរាណទាំងអស់ ដើម្បីបន្តថែរក្សាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕