(ភ្នំពេញ)៖ សម្ពន្ធ័សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដើម្បីបង្ហាញពីសមិទ្ធផល និងសកម្មភាពការងារដែលសមាគមសម្រេចបាននាពេលកន្លងទៅ និងដាក់ទិសដៅការងារថ្មី ដើម្បីជំរុញឱ្យវិស័យ SMEs កាន់តែរីកចម្រើន។

មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ FASMEC បានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម្ចាស់ក្រុមហ៊ុន និងសហគ្រាសធុនតូចនិងមធ្យមតាមខេត្តនីមួយៗ ដែលមានប្រមាណ៥០០នាក់។ កម្មវិធីនេះ ក៏មានចូលរួមតាំងបង្ហាញផលិតផលក្នុងស្រុកផងដែរ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងថា ក្នុងរយៈពេល១ឆ្នាំពេញ កន្លងទៅនេះ FASMEC បានធ្វើសកម្មភាពជាច្រើន រួមមាន រៀបចំសិក្ខាសាលា២៥រាជធានី-ខេត្ត ស្តីពី ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ដែលមានម្ចាស់សហគ្រាសចូលរួមប្រមាណ ៥,៣៣៧នាក់ ក្នុងនោះស្រ្តីមានចំនួន ២,៦០០នាក់។ ដោយឡែក នៅដើមឆ្នាំ២០២៣ រហូតដល់ ដើមខែមករា ឆ្នាំ២០២៤ FASMEC បានរៀបចំវគ្គបណ្តុះ បណ្តាលទៅកាន់សហគ្រាស ចំនួន៤២៤នាក់ នៅក្នុង១៧ខេត្ត/ក្រុង ស្តីពី អក្ខរកម្មហិរញ្ញវត្ថុ។
ទន្ទឹមគ្នានេះ FASMEC  ក៏បានរៀបចំ កម្មវិធី ផ្គូរផ្គងពាណិជ្ជកម្មក្នុង និងក្រៅស្រុក ជាមួយបណ្តាប្រទេសជាច្រើនដូចជា វៀតណាម,ជប៉ុន,កូរ៉េ,ថៃ,ចិន,ម៉ាឡេស៊ី,អូស្រ្តាលី,សិង្ហបុរី និងការរៀបចំវេទិការតាំងពិព័រណ៍ក្នុងស្រុក ដែលរៀបចំឡើងដើម្បីជំរុញទីផ្សារ ផ្សព្វផ្សាយម៉ាកយីហោបង្កើនទំនុកចិត្ត និងពង្រីកគុណតម្លៃផលិតផល សេវាកម្ម របស់វិស័យឯកជន ទៅកាន់អ្នកប្រើប្រាស់។ ក្រៅពីនេះ FASMEC ក៏បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលខ្មែរ ជាទិសដៅចម្បងក្នុងការជំរុញផលិតផលជាតិ និងជួយបង្កើនទំនាក់ទំនង ទីផ្សាររបស់ សហគ្រាសធុនតូច និងមធ្យម ដែលមានការចូលរួមឧបត្ថម្ភពី អង្គការផេក(PACT) ធនាគារដៃគូ និង ការចូលរួមពីវិស័យឯកជន។

ជាមួយគ្នានេះផងដែរ FASMEC ក៏បានចូលរួមអមដំណើររដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាំផលិតផលរបស់សមាជិក FASMEC ដើម្បីបង្ហាញនៅលើវេទិការនៅប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលមានផលិតផលដូចជា ស្វាយស្រស់ ម្រេចកំពត ដំណាប់មៀន គ្រាប់ស្វាយចន្ទី។ បន្ថែមពីនេះ FASMEC ក៏បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា, ធនាគារ វីង (WING) ,សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមជាមួយSMEប្រទេសអូស្រ្តាលី និងជាមួយ SME ប្រទេសសិង្ហបុរី និងស្ថាប័នអាទិភាពមួយចំនួនទៀត ដើម្បីជួយទៅដល់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពងាយស្រួល និងជឿជាក់ ជាមួយការស្នើកម្ចីដើម្បីផ្សារភ្ជាប់ធនាគារដែលមានអត្រាការប្រាក់ទាប ក៏ដូចជាស្វែងរកកញ្ចប់ថវិកាផ្សេងៗដែលមិនមានការប្រាក់ ដើម្បីជួយទៅSMEs។

លោកឧកញ៉ា តែ តាំងប៉ បញ្ជាក់បន្ថែមថា  សម្រាប់ផែនការបន្ទាប់ FASMEC នឹងរៀបចំសិក្ខាសាលានៅតាមបណ្តា២៥ខេត្តក្រុងដែលនៅសល់, វគ្គបណ្តុះបណ្តាល ការធ្វើទីផ្សារឌីជីថលដល់សហគ្រាសធុនតូច និងមធ្យម ទូទាំង ២៥ រាជធានី/ខេត្ត, វគ្គបណ្តុះបណ្តាល ស្តីពីលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការភ្ជាប់ធនាគារដៃគូដល់សហគ្រាសធុនតូច និងមធ្យម ទូទាំង ២៥ រាជធានី/ខេត្ត, រៀបចំពង្រឹងប្រធានសាខា ទាំង ២៥ រាជធានី/ខេត្ត, រៀបចំផែនការធ្វើទីផ្សារដើម្បីជួយដល់SMEs, គាំទ្រនិងរៀបចំឱ្យSMEs ប្រមាណ៥០ ឱ្យទទួលបានវិញ្ញាបនបត្រ ស៥,GHP,ISO និង ហាស្សាប់ (HACCP) ដើម្បីកែលម្អគុណភាពនៃផលិតផលឱ្យស្របតាមស្តង់ដារ, បង្កើតវេបសាយ FASMEC ដើម្បីលើកតម្កើនផលិតផលក្នុងស្រុក របស់SMEs រួមទាំងរៀបចំវគ្គបណ្តុះបណ្តាលជំនាញខ្លីៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ដូចជា ជំនាញគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ ជំនាញទីផ្សារឌីជីថល ជំនាញធ្វើផែនការ ជំនាញគ្រប់គ្រង ក៏ដូចជាការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយបែងចែកដាច់ដោយឡែក ប្រភេទផលិតផលរបស់ SMEs ។

សូមបញ្ជាក់ថា កន្លងមក សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតកម្មវិធីមហាសន្និបាត និងសហការរៀបចំ កម្មវិធីពិសាអាហារសាមគ្គី ដែលធ្វើឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួត រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជនទូទាំងប្រទេសកម្ពុជា ដែលសកម្មភាពធំៗទាំងនេះ មានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចនាយករដ្ឋមន្រ្តី គណៈរដ្ឋមន្រ្តី និងអង្គទូតប្រចាំកម្ពុជា។

ថ្លែងនាឱកាសនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ា តែ តាំងប៉ ដែលបានដឹកនាំធ្វើសកម្មភាពជាច្រើនក្នុងឆ្នាំ២០២៣។ សកម្មភាពទាំងអស់នេះ ពិតជាបានជួយដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតជាវេទិកាដ៏សំខាន់ សម្រាប់ជំនួប ការផ្លាស់ប្តូរយោបល់-បទពិសោធន៍ និងការបង្កើតបង្កើនទំនាក់ទំនងបណ្តាញរវាងសហគ្រិនក្នុងស្រុក ឆ្លងរាជធានីខេត្ត និងរវាងសហគ្រិនក្នុងស្រុក និងសហគ្រិនក្រៅស្រុក ជាដើម។ ជាពិសេស សកម្មភាពទាំងអស់ ដែល FASMEC បានអនុវត្តក្នុងឆ្នាំ២០២៣ កន្លងទៅ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និងវិបុលភាព។

លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០២៤នេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងបន្តធ្វើសកម្មភាពកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើន។ហើយសង្ឃឹមជឿជាក់ថា ដៃគូសហការទាំងអស់របស់ FASMEC នឹងបន្តសហការជាមួយក្រសួង ធ្វើសកម្មភាពជាច្រើនទៀត ដើម្បីជួយដល់សហគ្រាស និងសហគ្រិនកម្ពុជារបស់យើង។

សូមជម្រាបផងដែរថា នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក៏មានការប្រគល់ពានរង្វាន់សមាជិកភាពឆ្នើមរបស់FASMEC ចំនួន៣រូប ដែលបានចាប់ផ្តើមធ្វើការប្រកួតប្រជែងកាលពីខែមករាកន្លងទៅ ដើម្បីលើកទឹកចិត្តដល់សមាជិកសមាជិការបស់FASMECដែលបានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពនានារបស់FASMECនាពេលកន្លងមក៕