(ភ្នំពេញ)៖ ឥឡូវនេះកសិករកាន់តែមានភាពងាយស្រួល ដោយអាចប្រើប្រាស់ដំណោះស្រាយរួមមួយ ជាមួយនឹងការទទួលបានសេវាហិរញ្ញវត្ថុ និងការប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ ដើម្បីជំរុញមុខរបរកសិកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ របស់កសិករឱ្យបានកាន់តែប្រសើរ។

ធនាគារ វីង, ផ្សារពាណិជ្ជកម្មអនឡាញ WingCommerce របស់ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី, ក្រុមហ៊ុនអេមរុ រ៉ាយស៍ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្ម កម្ពុជា ម.ក (CACC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីរួមចំណែកលើកកម្ពស់ផលិតផលកម្មកសិកម្ម ក៏ដូចជាផលិតកម្មស្រូវអង្ករ និងជំរុញកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព» នៅរាជធានីភ្នំពេញនាថ្ងៃទី ២៧-២៨ កុម្ភៈឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួម ពីភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឯកជន និងមន្រ្តីរដ្ឋាភិបាល ដើម្បីចូលរួមពិភាក្សាជាមួយនឹងប្រធានបទ «ការអនុវត្តកសិកម្មបុនភាវកម្ម ឆ្ពោះទៅកសិកម្មកាបូនទាប» ដោយមានអ្នកចូលរួមប្រមាណ ៣៥០នាក់។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី បានលើកឡើងថា «កិច្ចការអាទិភាពរបស់យើង គឺការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់គម្លាតរវាងភាគីពាក់ព័ន្ធកសិកម្ម និងសេវាកម្មធនាគារឌីជីថល។ ជាមួយគ្នានេះ ថ្នាលឌីជីថល Wingagri របស់យើងត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលទៅដល់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ជូននូវដំណោះស្រាយ ដែលងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់»

តាមរយៈការចុះអនុស្សរណៈយោគយល់នាពេលនេះ នឹងជួយសម្រួលសហគមន៍កសិករ ដែលជាសមាជិករបស់ក្រុមហ៊ុនអេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម អាចប្រើប្រាស់ថ្នាលឌីជីថល WingAgri របស់ WingCommerce ដែលជាទីផ្សារពាណិជ្ជកម្មអនឡាញ ដោយផ្តោតលើផលិតផលកសិកម្ម ដើម្បីពង្រីកសក្តានុពលទីផ្សារ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះ សមាជិកសហគមន៍កសិករ ក៏អាចស្នើឥណទានពីធនាគារ វីង រហូតដល់ ១០០លានរៀល ដោយមិនចាំបាច់មានទ្រព្យបញ្ចាំនោះឡើយ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «ភាពជាដៃគូនេះមិនគ្រាន់តែជាកិច្ចសហការអាជីវកម្មប៉ុណ្ណោះទេ តែគឺជាការប្តេជ្ញាចិត្ត ដើម្បីបុព្វហេតុរួមចំណែកចំពោះប្រទេសកម្ពុជា។ យើងកំពុងរួមដំណើរជាមួយគ្នា ក្នុងការសាបព្រួសគ្រាប់ពូជ ក្នុងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព រួមជាមួយនឹងការផ្តល់គាំទ្រផ្នែកហិរញ្ញវត្ថុដែលចំាបាច់ ដើម្បីជួយឱ្យអនាគតរបស់កសិករគ្រប់រូបកាន់តែរីកចម្រើន»

ក្រុមហ៊ុនអេមរុ រ៉ាយស៍ បន្តលើកកម្ពស់គំរូកិច្ចសន្យាផ្គត់ផ្គង់ជាមួយកសិករ រៀបចំជាមួយសហគមន៍កសិកម្មតាំងពីឆ្នាំ២០១៣ សម្រាប់ផលិតផលអាហារសរីរាង្គ និងប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ន ការផ្គត់ផ្គង់ស្រូវសរីរាង្គជិត ៣០.០០០តោន គឺផ្គត់ផ្គង់ដោយកសិករប្រមាណជា ៦.០០០ មកពី៣៥ សហគមន៍កសិកម្ម ដែលរួមមាន ១៦.០០០គ្រួសារមកពីទូទាំង១៦ខេត្ត សម្រាប់ការដាំដុះស្រូវ តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) សម្របសម្រួលដោយសហព័ន្ធស្រូវអង្ករកម្ពុជា។

ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក៏បានចេញផែនការ ដើម្បីពង្រីកកិច្ចសហការរបស់ខ្លួនជាមួយ ១៦.០០០គ្រួសារកសិករ លើផ្ទៃដីដាំដុះប្រមាណ ២៥.០០០ ហិកតានៅក្នុងឆ្នាំ ២០២៤ ហើយគ្រោងបង្កើនឱ្យដល់ ១០០.០០០ ហិកតា ជាមួយ ៥០.០០០ គ្រួសារកសិករនៅត្រឹមឆ្នាំ ២០៣០។

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រ៉ាយស៍ បានលើកឡើងថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញផលិតកម្មកសិកម្ម ក៏ដូចជាផលិតកម្មស្រូវរបស់កម្ពុជា ព្រមទាំងលើកកម្ពស់វិស័យកសិកម្ម ប្រកបដោយនិរន្តរភាពផងដែរ។ តាមរយៈការគាំទ្រទីផ្សារឌីជីថល ដោយអនុញ្ញាតឱ្យកសិករប្រើប្រាស់ដូចជាថ្នាលឌីជីថល Wingagri និងដំណោះស្រាយហិរញ្ញវត្ថុពីធនាគារ វីង យើងមានគោលបំណងជួយទៅដល់សហគមន៍កសិកម្ម ក៏ដូចជាភាគីពាក់ព័ន្ធនានា ទទួលបានដំណោះស្រាយចាំបាច់ និងងាយស្រួលនៅក្នុងដំណើរការខ្សែច្រវាក់តម្លៃកសិកម្ម»។

ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម ដែលមានក្រុមហ៊ុន អេមរុ រ៉ាយស៍ ជាភាគទុនិកផងនោះ គឺជាប្រភេទអាជីវកម្មដែលប្រតិបត្តិការផ្តោតលើយន្តការភាពជាដៃគូរដ្ឋ ឯកជន និងអ្នកផលិត ដោយជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម ការរក្សាទុក និងការគ្រប់គ្រងដំណាំកសិកម្មដែលទទួលបានពីកសិករ, សហករណ៍កសិកម្ម, និងពីក្រុមអ្នកផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោក កាន់ គន្ធី នាយកគ្រប់គ្រងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា បានលើកឡើងថា «តាមរយៈភាពជាដៃគូនេះ យើងកំពុងផ្តល់លទ្ធភាពទៅដល់កសិករ អាចទទួលបានដំណោះស្រាយទំនើបៗដូចជា ថ្នាលឌីជីថល Wingagri និងការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ពីធនាគារ វីង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់យើង ក្នុងការជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងនាំមកនូវភាពចម្រុងចម្រើនទៅដល់សិករគ្រប់រូប»

ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបានបង្ហាញការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបាន ៦៩០.០០០តោន ដោយគិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព» ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ទិន្នន័យបានឆ្លុះបញ្ជាំងពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅអភិវឌ្ឍសេដ្ឋកិច្ចដែលផ្តោតលើការធ្វើកសិ-ពាណិជ្ជកម្ម សំដៅកៀរគរប្រភពទុនពីកំណើនតម្រូវការ ចំពោះអាហារសរីរាង្គប្រកបដោយនិរន្តរភាព ដែលផលិតផលប្រភេទនេះនៅទូទាំងពិភពលោក មានតម្លៃដល់ទៅ ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ ហើយត្រូវបានព្យាករណ៍ថា នឹងមានអត្រាកំណើនប្រចាំឆ្នាំប្រហែល ១៣% ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលនេះ បង្ហាញពីការបោះជំហានដ៏សំខាន់ ឆ្ពោះទៅរកការលើកកម្ពស់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា ជំរុញនិរន្តរភាព និងជួយសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ ការធ្វើសមាហរណកម្មបច្ចេកវិទ្យា និងដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួល ប្រើប្រាស់នឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម ក៏ដូចជាបន្ថែមការយកចិត្តទុក ដាក់ចំពោះបញ្ហាបរិស្ថានលើវិស័យកសិកម្មនៅកម្ពុជាផងដែរ៕