(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតវ័យចំណាស់របស់ចក្រភពអង់គ្លេស Aston Martin បានប្រកាសឱ្យដឹងថា គម្រោងចេញលក់រថយន្តអគ្គិសនីជំនាន់ដំបូងបង្អស់របស់ខ្លួនដែលបានរំកិលការរំពឹងទុកពីមុនមកត្រឹមឆ្នាំ២០២៥ នឹងមិនដើរតាមការកំណត់នោះទេ។ ពោលគឺ Aston Martin ពន្យាពេលមួយឆ្នាំបន្ថែមទៀត ហើយនឹងចេញលក់រហូតដល់ឆ្នាំ២០២៦ ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស Aston Martin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Lucid Group ដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងយុទ្ធសាស្រ្តរថយន្តអគ្គិសនីរបស់ខ្លួន។

ជាមួយនឹងភាពជាដៃគូរវាងក្រុមហ៊ុន Lucid Group និងក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតរបស់អង់គ្លេស Aston Martin បាននិយាយថា ខ្លួននឹងជាអ្នកមើលការខុសត្រូវលើផ្នែកបច្ចេកទេសទាំងស្រុង ដោយឡែកចំពោះរថយន្តអគ្គិសនីជំនាន់ដំបូងបង្អស់របស់ខ្លួនដែលត្រៀមចេញលក់នៅឆ្នាំក្រោយ ត្រូវបានលើកពេលមួយឆ្នាំបន្ថែមទៀត ខណៈពេលវេលាជាក់លាក់នឹងមកដល់ក្នុងឆ្នាំ២០២៦។ ការពន្យាពេលនេះត្រូវបាន Aston Martin ឱ្យដឹងថា ដើម្បីទុកពេលស្រាវជ្រាវបន្ថែមទៀត ហើយរថយន្តអគ្គិសនីជំនាន់ដំបូងបង្អស់របស់ខ្លួននឹងចេញមកជាមួយនឹងបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពខ្ពស់បំផុតមិនធ្លាប់មាន។

គួរជម្រាបដែរថា Aston Martin បានប្តេជ្ញាចិត្តចំនួន ២ពាន់លានផោន (ប្រហែល ២.៥៣ ពាន់លានដុល្លារ) ដល់បច្ចេកវិទ្យាទំនើបក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយការវិនិយោគរបស់វាមានតាមដំណាក់កាលចាប់ផ្តើមពីម៉ាស៊ីនចំហេះខាងក្នុង (ICE) ទៅបច្ចេកវិទ្យា BEV ឬបច្ចេកវិទ្យារថយន្តអគ្គិសនី៕