(បរទេស)៖ ក្រុមហ៊ុនផលិតហ្គេមលំដាប់ពិភពលោក Electronic Arts (EA) បានប្រកាសថា ខ្លួននឹងកាត់បន្ថយ ៥%នៃកម្លាំងការងារ ដែលវាជាផ្នែកមួយនៃផែនការកាត់បន្ថយទំហំការិយាល័យ និងការបញ្ចប់ការងារលើហ្គេមវីដេអូមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ EAទៅកាន់គណៈកម្មការមូលបត្រអាមេរិកនៅក្នុងខែឧសភា បានឱ្យដឹងថា EA មានបុគ្គលិកប្រមាណជា ១៣,៤០០នាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣។ នោះមានន័យថាការបញ្ឈប់ការងារអាចប៉ះពាល់ដល់ការងារប្រហែល ៦៧០នាក់។

សេចក្តីប្រកាសរបស់ក្រុមហ៊ុននេះបង្ហាញពីការកាត់បន្ថយកម្លាំងពលកម្មនៅផ្នែកបង្កើតវីដេអូហ្គេម ដោយបន្តនិន្នាការកាន់តែទូលំទូលាយនៃការថយចុះគួរឱ្យកត់សម្គាល់នៅទូទាំងឧស្សាហកម្មបច្ចេកវិទ្យា។

គួរបញ្ញជាក់ផងដែរថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Sony បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ៩០០នាក់នៅក្នុងផ្នែក PlayStation របស់ខ្លួន ឬ ៨% នៃកម្លាំងការងារ។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានកាត់បន្ថយការងារចំនួន ១៩០០នាក់ នៅទូទាំងអង្គភាពហ្គេមរបស់ខ្លួន បីខែបន្ទាប់ពីខ្លួនបានទិញ Activision Blizzard ហើយ Tencent's Riot Games បានកាត់បន្ថយកម្លាំងការងាររបស់ខ្លួនចំនួន ១១%៕