(បរទេស)៖ ភាគហ៊ុនរបស់បច្ចេកវិទ្យាអាមេរិក Dell បានកើនឡើងច្រើនជាង ១៥% ក្នុងអំឡុងពេលការជួញដូរនៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បន្ទាប់ពីក្រុមហ៊ុននេះ បានចេញផ្សាយលទ្ធផលត្រីមាសទី៤របស់ខ្លួន ខណៈការទទួលបានភាគហ៊ុនកើនឡើងបែបនេះ ប្រៀបបានជាការយកឈ្នះលើការប៉ាន់ស្មានរបស់អ្នកវិភាគ និងបង្ហាញពីតម្រូវការកើនឡើងខ្លាំង សម្រាប់ម៉ាស៊ីនមេឆ្លាតវៃនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

តាមការរំពឹងទុករបស់ស្ថាប័នវិភាគ LSEG កន្លងមកបានឲ្យដឹងថា ភាគហ៊ុនរបស់ Dell គឺនឹងមានតម្លៃ ១.៧៣ដុល្លារក្នុងមួយហ៊ុន តែជាក់ស្តែង គឺទទួលបាន ២.២០ ដុល្លារក្នុងមួយហ៊ុន។ ងាកមកការរំពឹងទុកសម្រាប់ប្រាក់ចំណូលវិញ គឺនឹងមានចំនួន ២២.១៦ពាន់លានដ្លលារ ខណៈជាក់ស្តែងគឺទទួលបាន ២២.២៣ពាន់លានដុល្លារ។ ចំនួននេះ អាចនិយាយបានថា ទទួលបានលើសពីការរំពឹងទុករបស់អ្នកវិភាគទៅទៀត។

ប្រធានផ្នែកហិរញ្ញវត្ថុលោកស្រី Yvonne McGill បាននិយាយនៅក្នុងការចេញផ្សាយថា ក្រុមហ៊ុនកំពុងបង្កើនភាគលាភប្រចាំឆ្នាំរបស់ខ្លួន ២០% ដល់តម្លៃ ១.៧៨ដុល្លារក្នុងមួយហ៊ុន ដែលលោកស្រីហៅថា «សក្ខីកម្មចំពោះទំនុកចិត្តរបស់យើងក្នុងអាជីវកម្ម»

លោក Jeff Clarke ប្រធានផ្នែកប្រតិបត្តិការ បាននិយាយនៅក្នុងការចេញផ្សាយថា «សន្ទុះម៉ាស៊ីនមេសម្រាប់ AI គឺបន្តមានតម្រូវការកើនឡើង ដោយមានការបញ្ជាទិញកើនឡើងជិត ៤០% ជាបន្តបន្ទាប់ ហើយមានការកើនឡើងទ្វេដង ដែលចេញពីឆ្នាំសារពើពន្ធរបស់យើងក្នុងតម្លៃ ២.៩ ពាន់លានដុល្លារ»។ សម្រាប់ត្រីមាសទីមួយរបស់ខ្លួន ក្រុមហ៊ុន Dell បានឲ្យដឹងថា ក្រុមអ្នកវិនិយោគរំពឹងថាប្រាក់ចំណូលនឹងទទួលបានចន្លោះពី ២១ពាន់លានដុល្លារទៅ២២ពាន់លានដុល្លារ។

គួរជម្រាបថា ជាមួយនឹងកំណើនប្រាក់ចំណូលនេះ ត្រូវបានក្រុមហ៊ុន Dell អះអាងម្តងហើយម្តងទៀតថា ដោយសារតែសន្ទុះនៃបច្ចេកវិទ្យា AI ហើយថាខ្លួនរំពឹងថា នឹងត្រលប់ទៅកំណើនសារពើពន្ធនៅឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានកត់សម្គាល់ថា បរិយាកាសម៉ាក្រូសេដ្ឋកិច្ច កំពុងធ្វើឱ្យអតិថិជនមួយចំនួន មានការប្រុងប្រយ័ត្នចំពោះតម្លៃផលិតផល៕