(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាក LG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈ GGEAR Dealer Portal។

ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase នេះជាប្រភេទគ្រឿងបរិក្ខាត្រជាក់ ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។

LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីដែលទើបនឹងនាំចូលទីផ្សារកម្ពុជា។
កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុខងារពិសេសៗនៃផលិតផលសំរាប់ដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ បរិក្ខាត្រជាក់ដែលបានដាក់តាំងបង្ហាញ មានដូចជាម៉ាស៊ីនត្រជាក់ខ្នាតធំ សំរាប់អាជីវកម្ម ប្រភេទ Floor stand ម៉ាស៊ីនត្រជាក់សំរាប់បន្ទប់ការិយាល័យ ឬខ្នាតតូចសំរាប់ លំនៅឋានម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហារ។ល។

លោក ហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «ការជ្រើសរើសម៉ាស៊ីនត្រជាក់ ចូលមកទីផ្សារកម្ពុជា យើងបានផ្តោតសំខាន់លើប្រភេទសន្សំសំចៃភ្លើង ព្រោះវាអាចជួយសន្សំសំចៃការចំណាយថវិកា របស់អតិថិជនមួយកម្រិតទៀត។ ទីពីរម៉ាស៊ីនត្រជាក់LG បានរចនាឡើងដោយគិតគូរពីផាសុកភាព អ្នកប្រើប្រាស់ដោយការបញ្ចេញខ្យល់ត្រជាក់ បរិសុទ្ធ និងមានអនាម័យ»

ចំណុចបន្ទាប់លោកបញ្ជាក់ថា នៅពេលដែលជ្រើសរើសម៉ាស៊ីនត្រជាក់ទាំងប្រភេទអាជីវកម្ម និងលំនៅឋានក្រុមហ៊ុន ក៏បានគិតគូរពីភាពធន់ របស់ផលិតផលផងដែរ ព្រោះចង់ឱ្យអតិថិជនប្រើប្រាស់បានយូរ និងទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មី នៃក្រុមហ៊ុនLG Electronics។

ដោយឡែកការរចនារបស់ផលិតផលនីមួយៗ ត្រូវបានច្នៃប្រឌិតយ៉ាងហ្មត់ចត់ ស្របតាមការរស់នៅរបស់មនុស្សជំនាន់ថ្មី ហើយវាជាគ្រឿងតាំងដេគ័រ ជួយបង្កើនសោភ័ណ្ឌភាពនៅក្នុងគេហដ្ឋានកាន់តែស្រស់ស្អាត និងផ្តល់ផាសុកភាព។

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ផលិតផលដែលនាំចូលចែកចាយ ក្នុងឆ្នាំនេះមិនអាចលក់ទាបជាងតម្លៃថ្លៃដើម ដូចពីរឆ្នាំមុនទៀតនោះទេ ព្រោះយើងជាក្រុមហ៊ុនដែលអនុឡោមតាមច្បាប់ ប្រកបអាជីវកម្មត្រឹមត្រូវ និងបង់ពន្ធជូនរដ្ឋាភិបាលគ្រប់ប្រតិបត្តិការ សំរាប់ផលិតផលទាំងអស់ ១០០%។ ជាក់ស្តែងថ្មីៗនេះយើងទទួលបានវិញ្ញាបនបត្រ AEO ដែលទទួលស្គាល់ និងបញ្ជាក់អំពីការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយក៏ ទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុតផងដែរ។

លោកបានរំលឹកថា ពីរឆ្នាំមុនក្រុមហ៊ុនបានលក់ផលិតផលខាត ព្រោះចង់រក្សាលំនឹងទីផ្សារអេឡិចត្រូនិច និងជួយជ្រុំជ្រែងអាជីវកម្មរបស់ដៃគូ អំឡុងពេលមានបញ្ហាសេដ្ឋកិច្ច ព្រមទាំងដៃគូប្រគួតប្រជែងប្រគួតប្រជែងតម្លៃមិនស្មើភាពគ្នាតែប៉ុណ្ណោះ។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការបញ្ជាទិញ និងគ្រប់គ្រងផលិតផលអេឡិចត្រូនិច ឱ្យទាន់សម័យកាលក្រុមហ៊ុនបានអភិវឌ្ឍន៍កម្មវិធីថ្មីមួយឈ្មោះថា GGEAR Dealer Portal ដែលជាកម្មវិធីបញ្ជាទិញផលិតផលអេឡិចត្រូនិចតាមរយៈទូរស័ព្ទដៃ។

លោកបន្ថែមថា «GGEAR Dealer Portal ជាកម្មវិធីដែលនឹងផ្តល់បទពិសោធន៍ថ្មី ដំបូងគេ និងឈានគេ សំរាប់ដៃគូអាជីវកម្មវិវឌ្ឍន៍ខ្លួន ពីការប្រកបអាជីវកម្ម តាមបែបប្រពៃណីជាឌីជីថលទំនើបវិញ។ ឥឡូវនេះដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប លែងបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈការខល ឬទំនាក់ទំនងតាមប្រព័ន្ធផ្សេងៗ ឬជួបផ្ទាល់ជាមួយបុគ្គលិកក្រុមហ៊ុនទៀតហើយ ព្រោះយើងបានដាក់ដំណើរការ GGEAR Dealer Portal ដើម្បីបញ្ជាទិញតាមរយៈទូរស័ព្ទដៃ។ ហើយកម្មវិធីមួយនេះនឹងនាំដៃគូអាជីវកម្ម នៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងអ្នកប្រកបរបរអេឡិចត្រូនិចផ្សេងទៀត ទៅរកការប្រកបអាជីវកម្ម តាមប្រព័ន្ធទីឌីជីថល ឬE-commerce»។

ជាមួយគ្នានេះឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា អនាគតរបស់ GGEAR Dealer Portal នឹងមានភ្ជាប់ជាមួយបញ្ញាសិប្បនិម្មិត (AI) ហើយបច្ចេកវិទ្យានេះអាចដឹង និងវិភាគលើទិន្នន័យរបស់ដៃគូអាជីវកម្ម បន្ទាប់មកបង្ហាញផ្ទាំងផលិតផល កំពុងមានតម្រូវការខ្ពស់ដែលត្រូវបញ្ជាទិញ តម្លៃ និងមុខងារគ្រឿងអេឡិចត្រូនិច មុខងារកម្មវិធីទូរស័ព្ទដៃផ្សេងៗទៀត សំរាប់ដៃគូអាជីវកម្មចែកចាយបន្ត។

កម្មវិធីតាំងបង្ហាញផលិតផល LG បានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនារាត្រីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះមានការចូលរួមពីដៃគូអាជីវកម្ម ប្រមាណជាង ១៥០នាក់ និងភ្ញៀវកិត្តិយសនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងLG Electronics ជាង៥០នាក់ចូលរួមទស្សនា និងស្រង់យកបទពិសោធន៍ពីផលិតផល LG ស៊េរីថ្មីឆ្នាំ ២០២៤ផងដែរ៕