(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនបុគ្គលិកដើម្បីឡើងទៅសិក្សាវគ្គ «ជំនាញគ្រប់គ្រងគុណភាពវេចខ្ចប់ស្តង់ដារពិភពលោក» នៅក្រុមហ៊ុន FERRUM ប្រទេសស្វីស កាលពីពេលថ្មីៗនេះ ដើម្បីដុសខាត់សមត្ថភាព ពង្រឹងធនធានមនុស្ស ដែលសុទ្ធតែជាយុវជនខ្មែរ ឲ្យក្លាយទៅជាវិស្វករ និងជាបុគ្គលិកជំនាញជាន់ខ្ពស់ និងដើម្បីធានាថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺពិតជាមានសមត្ថភាពគ្រប់បែបយ៉ាង តាំងពីការគ្រប់គ្រងគ្រឿងចក្រទំនើប និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដោយមានធនធានបុគ្គលិកខ្មែរលើគ្រប់ជំនាញ ក្នុងច្រវាក់ផលិតកម្ម។

លើសពីនេះផងដែរអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឆ្លៀតពេលវេលាដ៏មមាញឹកពីដំណើរធុរកិច្ចនៅបរទេស ហើយបានអញ្ជើញទៅទស្សនកិច្ចផ្ទាល់ដល់ក្រុមហ៊ុន FERRUM ដែលជាកន្លែងដែលបុគ្គលិកទៅសិក្សា ព្រមទាំងដើម្បីស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយរបស់ប៉ែកអឺរ៉ុប។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនឈានមុខ និងស្តង់ដារលំដាប់ពិភពលោក ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យើងខ្ញុំជឿជាក់ថា ធនធានមនុស្សពូកែ គឺជាទ្រព្យដ៏ល្អប្រសើរបំផុត របស់ក្រុមហ៊ុន។ ហេតុដូច្នេះហើយទើបក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តនូវបេសកកម្មបញ្ជូនបុគ្គលិកជំនាញស្ទើរគ្រប់ផ្នែក ទៅសិក្សាជំនាញពាក់ព័ន្ធពីអ្នកជំនាញនៅបរទេស និងនៅជុំវិញពិភពលោក ហើយលើកនេះ យើងបានសម្រេចបញ្ជូនបុគ្គលិកមួយក្រុមទៀត ទៅរៀនជំនាញគ្រប់គ្រងគុណភាពវេចខ្ចប់ស្តង់ដារពិភពលោក នៅប្រទេសស្វីស»

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុក គុណភាពលំដាប់អន្តរជាតិ បច្ចុប្បន្នកំពុងក្លាយជាដៃគូសហការពាណិជ្ជកម្មដ៏លេចធ្លោ ជាមួយបណ្ដាក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេស លើការនាំចេញផលិតផលរបស់ខ្លួន ទៅលក់តាមបណ្ដាប្រទេសផ្សេងៗក្នុងតំបន់។ ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា លាង ម៉េង ក៏ទើបតែចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចាប់ផ្តើមភាពជាដៃគូពាណិជ្ជកម្ម រវាងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន DC Logistics &Trading ក្នុងការនាំចេញផលិតផល CAMBODIA BEER និងភេសជ្ជៈគ្រប់ប្រភេទ ទៅដាក់លក់បន្ដនៅលើគេហទំព័រ Tipytopsy ដែលជាវេទិកាទិញ-លក់ទំនិញភេសជ្ជៈ តាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសសិង្ហបុរី៕