(បរទេស)៖ អាមេរិកបាននឹងកំពុងតែបើកការស៉ើបអង្កេតលើរថយន្តនាំចូលពីប្រទេសចិន ក្រោយមានការព្រួយបារម្ភថា អាចលួចយកទិន្នន័យពីអ្នកប្រើប្រាស់អាមេរិក និងគំរាមគំហែងដល់សន្តិសុខជាតិ។ នេះបើតាមការប្រកាសរបស់សេតវិមាន ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

សេតវិមានបានឲ្យដឹងថា ការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺមានការចាំបាច់ណាស់ ដោយសារតែយានយន្តអាចប្រមូលទិន្នន័យរសើបមួយចំនួនធំពីអ្នកបើកបរ និងអ្នកដំណើរ តាមរយៈប្រើប្រាស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញាផ្សេងៗ ដើម្បីកត់ត្រាព័ត៌មានលម្អិត អំពីហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក»។

ការស៉ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាមេរិកពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីប្រធានាធិបតីអាមេរិកលោក Jeo Biden ដោយលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះថា «គោលដៅរបស់ចិន គឺចង់គ្រប់គ្រងទីផ្សាររថយន្តនាពេលអនាគត ហើយវាអាចនឹងបង្កហានិភ័យដល់សន្តិសុខជាតិរបស់យើង»។ លោកបានបន្ថែមថា «ប្រទេសនេះត្រៀមនឹងបំបាក់អាមេរិកតាមរយៈរថយន្តទំនើបៗ ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ ដោយចោទសួរថា ហេតុអ្វីបានជារថយន្តដែលភ្ជាប់ពីប្រទេសចិនត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការក្នុងប្រទេសយើងដោយគ្មានការការពារ?»

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសិន BYD ត្រូវបានគេមើលឃើញថា កំពុងពឹងផ្អែកលើទីផ្សារអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។ ក្រុមហ៊ុន BYD បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានគម្រោងលក់រថយន្តនៅទីផ្សារសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែកាលពីថ្ងៃពុធកន្លងទៅនេះបាននិយាយថា ខ្លួនកំពុងស្វែងរកទីតាំងនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីកំណត់ទីតាំងរោងចក្រផលិតរថយន្ត សម្រាប់ទីផ្សារនៅទីនោះ។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីបើកការស៉ើបអង្កេតពីសំណាក់អាមេរិកនៅពេលនេះ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។