(ឧត្តរមានជ័យ)៖ មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តឧត្តរមានជ័យ ហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រី ខ្នាតយក្សមួយនេះនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុក ម៉ែ បង ប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានចាប់ដៃផ្ទាល់ៗ ជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសផងដែរ។

កំពូលតារាចម្រៀងដែល នឹងចូលរួមច្រៀងអង្រួនបេះដូងអ្នកគាំទ្រ មានដូចជា៖ កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក K-LA, កញ្ញា អ៊ុក សុវណ្ណារី, លោក Nak Fake, លោកវង្ស ថាណាន់, កញ្ញា ហ៊ិន លីដា , កញ្ញា ឡុង លក្ខិណា។

ការប្រគំតន្រ្តីនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី ០២ និង០៣ ខែមីនា ឆ្នាំ២០២៤នេះ ដែលមានទីតាំង នៅសួនវិមានឯករាជ្យ ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីម៉ោង ០៨:០០ យប់ ដល់ម៉ោង១១:៣០យប់។ ព្រឹត្តការណ៍នេះចូលរួមដោយសេរី៕