(មីឡាន)៖ ម្ចាស់ក្លិប AC Milan អតីតម្ចាស់ពានរង្វាន់ជើងឯក European បានប្តេជ្ញាចិត្ត ក្នុងការសាងសង់កីឡដ្ឋានថ្មីមួយ ដើម្បីអនុញ្ញាតឱ្យក្លិប អាចប្រកួតជាមួយនឹងបណ្តាក្លិបលំដាប់កំពូលនៅទ្វីបអឺរ៉ុប។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ទាំងក្លិប AC Milan និងក្លិបគូប្រជែងក្នុងស្រុក Inter Milan កំពុងស្វែងរកការរើរចេញ ពីកីឡដ្ឋានប្រវត្តិសាស្ត្រ San Siro ដែលគ្រប់គ្រងដោយអាជ្ញាធរក្នុងតំបន់ ហើយសាងសង់ទីលានប្រកួតដាច់ដោយឡែកផ្ទាល់ខ្លួនរបស់ពួកគេនៅជាយក្រុង Milan។

​លោក Gerry Cardinale ស្ថាបនិក និងជាដៃគូគ្រប់គ្រងក្រុមហ៊ុនវិនិយោគ RedBird Capital ដែលបានទិញក្លិប AC Milan ក្នុងតម្លៃ ១.២ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២២ នោះបានលើកឡើងថា ក្លិបនឹងមានកីឡដ្ឋានថ្មីមួយ ដែលមានកៅអីចំនួន ៧០,០០០ ហើយក៏ជាធ្វើជាម្ចាស់ផ្ទះ និងការរៀបចំប្រគំតន្ត្រីផងដែរ។

សូមជម្រាបថា AC Milan ធ្លាប់ឈ្នះពានរង្វាន់ជើងឯក European ចំនួន ៧រដូវកាល និងឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី Serie A លើកចុងក្រោយរបស់ពួកគេ គឺក្នុងឆ្នាំ២០២២៕