(ឡុងដ៍)៖ ខ្សែការពារក្លិប Brentford កីឡាករ Ben Mee នឹងអវត្តមានរហូតចប់រដូវកាលនេះ ដោយសារបាក់ឆ្អឹងកជើង។ នេះបើតាមសម្តីអ្នកចាត់ការ Thomas Frank បានលើកឡើង ខណៈក្លិបកំពុងដោះស្រាយ ជាមួយនឹងបញ្ហារបួស ដែលភាគច្រើនកើតឡើងចំពោះខ្សែការពាររបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

Mee បានរងរបួសក្នុងការប្រកួតចាញ់ ៤-២ ក្នុងលីគ Premier League កាលពីថ្ងៃចន្ទ ក្រោមថ្វីជើងក្លិប West Ham United នាំឱ្យកីឡាកររូបនេះ ចូលរួមជាមួយខ្សែការពារមិត្តរួមក្រុម Rico Henry, Ethan Pinnock និងកីឡាករ Aaron Hickey ស្ថិតក្នុងបញ្ជីកីឡាកររបួសត្រូវអវត្តមានរយៈពេលយូរ។

សូមជម្រាប Brentford ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៦ ក្នុងលីគ Premier League ដោយមាន ២៥ពិន្ទុនោះ បានចាញ់ការប្រកួតចំនួន ៣លើកចុងក្រោយ ខណៈពួកគេកំពុងតស៊ូ ដើម្បីឈរនៅពីលើតំបន់កាត់ចោល៕