(បរទេស)៖ ថ្មីៗនេះ ប្រទេសឥណ្ឌាបានអនុម័តការសាងសង់រោងចក្រផលិតបន្ទះឈីបពាក់កណ្តាលសម្រេច (Semiconductor) ចំនួន ៣ជាមួយនឹងការវិនិយោគជាង ១៥ពាន់លានដុល្លារ។ ខណៈដែលប្រទេសនេះ មានមហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌល semiconductor ដ៏សំខាន់មួយនៅលើខ្សែបន្ទាត់នៃសហរដ្ឋអាមេរិក តៃវ៉ាន់ និងកូរ៉េខាងត្បូង ហើយបាននឹងកំពុងទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនឱ្យទៅបង្កើតប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការអនុម័តនេះរួមបញ្ចូលសំណើរក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tata Group ចំនួនពីរក្នុងនោះសម្រាប់រោងចក្រទី១ គឺ Tata Electronic នឹងសហការជាមួយនឹងក្រុមហ៊ុន Powerchip Semiconductor Manufacturing Corp (PSMC) របស់តៃវ៉ាន់ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបពាក់កណ្តាលសម្រេចក្នុងទីក្រុង Dholera រដ្ឋ Gurjarat ជាមួយនឹងការវិនិយោគជិត ១១ពាន់លានដុល្លារ។ ក្នុងភាពជាដៃគូនេះ PSMC នឹងផ្តល់សេវាកម្មឌីហ្សាញ និងផលិតបន្ទះឈីបនៅក្នុងផ្នែកតក្កវិជ្ជា (logic) និងអង្គចងចាំ (memory segments) ហើយរោងចក្រនេះនឹងផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា ២៨ណាណូម៉ែត្រ (28-nanometer) លំដាប់ខ្ពស់ ពោលគឺសម្រាប់ប្រើនៅក្នុងឧស្សាហកម្មដូចជា យានយន្ត គ្រឿងអេឡិចត្រូនិក ប្រព័ន្ធការពារ (defense system) និងយន្តហោះ។

ដោយឡែកចំពោះរោងចក្រទី២ វិញគឺ Tata Semiconductor Assembly and Test Pvt Ltd (TSAT) នឹងសាងសង់នៅក្នុងទីក្រុង Morigaon រដ្ឋ Assam ជាមួយនឹងការវិនិយោគចំនួន ៣.២៦ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើត «បច្ចេកិវទ្យាវេចខ្ចប់បន្ទះឈីបពាក់កណ្តាលសម្រេចកម្រិតខ្ពស់របស់ជនជាតិដើមភាគតិច រួមទាំងបន្ទះឈី flip» សម្រាប់ប្រើនៅក្នុងរថយន្តប្រើសាំង រថយន្តអគ្គិសនី និងគ្រឿងអេឡិចត្រូនិកជាដើម។

ចំពោះអនុម័តចុងក្រោយនេះ គឺត្រូវបានស្នើឡើងដោយក្រុមហ៊ុន CG Power ក្នុងភាពជាដៃគូជាមួយនឹងសាជីវកម្ម Renesas Electronics របស់បប្រទេសជប៉ុន និងក្រុមហ៊ុន Stars Microelectronics របស់ប្រទេសថៃនឹងបង្កើតរោងចក្រទី៣នៅទីក្រុង Sanand រដ្ឋ Gujarat ដែលមានឯកទេសលើបន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មរថយន្ត និង កម្មវិធីថាមពលជាច្រើនផ្សេងទៀត ជាមួយនឹងការវិនិយោគជិត ១ពាន់លានដុល្លារ។

គួរជម្រាបដែរថា រោងចក្រទាំង ៣នេះនឹងចាប់ផ្តើមសាងសង់ក្នុងរយៈពេល ១០០ថ្ងៃខាងមុខ ហើយរោងចក្រទាំងនេះនឹងបង្កើតដោយផ្ទាល់នូវការងារបច្ចេកវិទ្យាទំនើបចំនួន ២០,០០០ និងការងារដោយប្រយោលប្រហែល ៦០,០០០ ឯណោះ៕