(បរទេស)៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បានប្តឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Microsoft គឺ OpenAI និងនាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Sam Altman ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដោយចោទប្រកាន់ថា បានបំពានកិច្ចសន្យារអភិវឌ្ឍន៍គម្រោង AI តាមរយៈការបោះបង់ចោលគម្រោង ដើម្បីមនុស្សជាតិនេះទាំងស្រុងតែម្តង ព្រោះតែដើម្បីផលប្រយោជន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ពាក្យបណ្តឹងនេះ គឺបានដាក់ទៅកាន់តុលាការ San Francisco កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ខណៈមេធាវីរបស់ Musk បាននិយាយថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ត្រូវបានលោក Sam Altman និងសហស្ថាបនិក OpenAI លោក Greg Brockman ទាក់ទងនៅឆ្នាំ២០១៥ ដើម្បីពិភាក្សា និងបានយល់ព្រមបង្កើតមន្ទីរពិសោធន៍មិនរកប្រាក់ចំណេញ ដែលនឹងអភិវឌ្ឍបញ្ញាទូទៅសម្រាប់អត្ថប្រយោជន៍របស់មនុស្សជាតិ»។ តែយ៉ាងណា លោក Musk បានលាឈប់ពីក្រុមប្រឹក្សាភិបាលនៅឆ្នាំ២០១៨ បន្ទាប់ពីលោកនិយាយថា AI មានសក្តានុពលគ្រោះថ្នាក់ជាងនុយក្លេអ៊ែរទៅទៀត។

ក្នុងពាក្យបណ្តឹងបានអះអាងថា «រហូតមកដល់សព្វថ្ងៃនេះ គេហទំព័ររបស់ OpenAI, Inc. នៅតែបន្តអះអាងថាធម្មនុញ្ញរបស់ខ្លួនគឺដើម្បីធានាថា AGI ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិទាំងអស់ ប៉ុន្តែជាក់ស្តែង OpenAI ផ្តោតលើការបង្កើនប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុនមេ Microsoft ទៅវិញទេ ដោយបានបំពាន់កិច្ចកិច្ចព្រមព្រៀង»។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញបណ្តឹងនេះ OpenAI មិនបានឆ្លើយតបភ្លាមៗ សម្រាប់សំណើរសុំការធ្វើអត្ថាធិប្បាយទេ ខណៈក្រុមហ៊ុនមេ Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕