(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា មហាសន្និបាតប្រចាំឆ្នាំរបស់ NOCC គឺជាឱកាសរៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្ដជ្រោងទង់កីឡាជាតិឲ្យលេចត្រដែតលើឆាកអន្ដរជាតិបន្ថែមទៀត។

លោកទេសរដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកមហាសន្និបាតសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០២ ខែមីនានេះ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិកគណៈកម្មាធិការប្រតិបត្តិ NOCC និងតំណាងសហព័ន្ធកីឡាជាតិផងដែរ។

លោកបានថ្លែងក្នុងពិធីបើកមហាសន្និបាតថា មហាសន្និបាតពេលនេះ គឺដើម្បីរំលេចឡើងនូវសមិទ្ធផលនានា ដែលសម្រេចបាន តាមរយៈការខិតខំប្រឹងប្រែងរបស់គ្រួសារចលនាអូឡាំពិកកម្ពុជាកន្លងមក ហើយត្រូវសម្លឹងទៅមុខឆ្ពោះទៅបំពេញបេសកកម្មថ្មីៗថែមទៀត របស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ ដ្បិត NOCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ៗទាំង៣។

លោកបណ្ឌិត ថោង ខុន បន្ដថា «ដូចនេះ ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី (គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ) ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យក្នុងការអភិវឌ្ឍសក្តានុពលភាពវិស័យកីឡាជាតិ»។

ឆ្លៀតយកឱកាសនេះ ក្នុងនាមចលនាអូឡាំពិកកម្ពុជា និងរូបលោកផ្ទាល់ លោកទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រព័ន្ធការងារកីឡាដែលបានប្រទាក់ក្រឡាគ្នា ធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ ដោយតម្កល់ឧត្តមគតិកីឡាជាតិ និងប្រទេសជាតិជាធំ របស់សសរស្តម្ភទាំងបី ទើបធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ និងប្រជាជន។

ប៉ុន្តែអ្វីៗទាំងអស់ នៅតែពឹងផ្អែកទាំងស្រុងទៅលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទើបកម្ពុជាអាចមានឱកាសបង្កើតព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្របានជោគជ័យបែបនេះ។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ថែមថា «មហាសន្និបាតពេលនេះ ក្រៅពីការរំលេចឡើងនូវសមិទ្ធផលដ៏វិសេសវិសាលក្នុងឆ្នាំ២០២៣ ខ្ញុំក៏សូមឲ្យអង្គមហាសន្និបាតរៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោងទង់កីឡាជាតិ ឱ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ ឆ្នាំ២០២៥ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី ឆ្នាំ២០២៧ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៥ នៅសឹង្ហបុរី ឆ្នាំ២០២៩ ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះម្តងទៀត ក្នុងកម្រិតការប្រកួតពហុកីឡាប្រចាំទ្វីបអាស៊ី គឺការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩»។

ប្រមុខចលនាអូឡាំពិកកម្ពុជាដដែល បានគូសបញ្ជាក់ថា ការកំណត់ចក្ខុវិស័យ និងគោលដៅការងារកីឡាច្បាស់លាស់ខាងលើនេះ គឺជាការជំរុញល្បឿននៃការបំពេញភារកិច្ច កាតព្វកិច្ចក្នុងការកសាងគុណភាព និងប្រសិទ្ធភាពគុណផលកីឡា ឲ្យមានសុគតភាពនៅនឹងនិន្នាការរីកចម្រើននៃវិទ្យាសាស្ត្រកីឡា និងបច្ចេកទេសកីឡាអន្តរជាតិ៕