(ម៉ូនិច)៖ ក្រុមការពារតំណែងជើងឯក Bayern Munich នឹងចាញ់ដាច់ចំនួន ១០ពិន្ទុពីក្រុមកំពូលតារាង Bayer Leverkusen ពីក្នុងតារាងពិន្ទុលីគ Bundesliga 2023-2024 ប្រសិនបើកូនក្រុមរបស់លោក Xabi Alonso ធ្វើបានល្អនៅក្នុងផ្ទះរបស់ Cologne នារាត្រីថ្ងៃអាទិត្យស្អែកនេះ។

ក្រុមខ្លារខិនដែលមានតារាជើងស៊ុត Harry Kane និងស្ថិតក្រោមការដឹកនាំរបស់លោក Thomas Thuchel ផងនោះ ប្រឈមទៅនឹងមិនឈ្នះពានអ្វីសោះនារដូវកាលនេះ ជាពិសេសពានលីគអាល្លឺម៉ង់តែម្តង នៅពេលលេងស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះ SC Freiburg នៅរាត្រីឆ្លងចូលថ្ងៃសៅរ៍ ទី០២ ខែមីនា ក្នុងសប្តាហ៍ទី២៤ របស់ពួកគេ។

តាមរយៈលទ្ធផលស្មើជាលើកទី៣ សម្រាប់រដូវកាលនេះរបស់ពួកគេ បានញ៉ាំងឱ្យ Bayern Munich ដែលបានគ្រប់គ្រងពាន Bundesliga ១១រដូវកាលជាប់ៗគ្នា រកបាន ៥៤ពិន្ទុចាញ់គូប្រជែង Leverkusen ៧ពិន្ទុ នៅពេលក្រុមកំពូលតារាងនៅសល់ ១ប្រកួតក្នុងដៃផងដែរ ដែលត្រូវលេងថ្ងៃអាទិត្យស្អែកនេះ។

Bayern ត្រូវការឈ្នះ Lazio នៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយពេលពួកគេបានចាញ់ ១-០ កាលជើងទី១ នៅទីក្រុង Rome ប្រទេសអ៊ីតាលី៕