(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Dell ហាក់មានសន្ទុះនៃទីផ្សារហក់ឡើងខ្ពស់ ពោលតម្លៃហ៊ុនហក់ឡើងខ្ពស់បំផុតជាលើកដំបូង ចាប់តាំងពីស្ថាបនិក និងនាយកប្រតិបត្តិលោក Michael Dell បាននាំក្រុមហ៊ុននេះ ត្រឡប់ទៅកាន់ទីផ្សារភាគហ៊ុនក្នុងឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រ និងម៉ាស៊ីនមេ Dell បានកើនឡើង ៣១% កាលពីថ្ងៃសុក្រម្សិលមិញនេះដល់តម្លៃ ១២៤.៥៩ដុល្លារក្នុងមួយហ៊ុន បន្ទាប់ពីក្រុមហ៊ុនបានប្រកាសលទ្ធផលសារពើពន្ធក្នុងត្រីមាសទី៤ ទទួលបានលើសការរំពឹងទុក។ គេនៅចាំបានថា Dell បានត្រឡប់មកទីផ្សារហ៊ុនវិញក្នុងឆ្នាំ២០១៨។ មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុននេះ គឺប្រហែល ១៦ពាន់លានដុល្លារ នៅពេលដែលបានចាប់ផ្តើមការជួញដូរដំបូងជាង ៥ឆ្នាំមុន។ ឥឡូវនេះ គឺ មានតម្លៃជិត ៨៦ពាន់លានដុល្លារ។

អ្នកវិភាគ Morgan Stanley បានបញ្ចូល Dell ឡើងវិញ ក្នុងចំណោមក្រុមហ៊ុនកំពូល ហើយបានបង្កើនគោលដៅតម្លៃហ៊ុន ពី ១០០ដុល្លារក្នុងមួយហ៊ុន ដល់១២៨ដុល្លារក្នុងមួយហ៊ុន ដោយសារតែត្រូវការសម្រាប់មាស៉ីនមេ AI របស់ក្រុមហ៊ុន ទទួលបានការគាំទ្រច្រើន។

គួរជម្រាបថា ជាមួយនឹងកំណើនប្រាក់ចំណូលនេះ ត្រូវបានក្រុមហ៊ុន Dell អះអាងម្តងហើយម្តងទៀតថា ដោយសារតែសន្ទុះនៃបច្ចេកវិទ្យា AI ហើយថាខ្លួនរំពឹងថា នឹងត្រលប់ទៅកំណើនសារពើពន្ធនៅឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានកត់សម្គាល់ថា បរិយាកាសម៉ាក្រូសេដ្ឋកិច្ច កំពុងធ្វើឱ្យអតិថិជនមួយចំនួន មានការប្រុងប្រយ័ត្នចំពោះតម្លៃផលិតផល៕